(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហោះសារភ្ញាក់ផ្អើលតាមបណ្ដាញសង្គម Facebook ក្រោយឃើញលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី បង្ហាញក្ដីរំភើបរីករាយ នៅពេលទទួលបានអំណោយដែលលោកចែករំលែកទុកជូន កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា អ្វីដែលលោកបានចែករំលែកជូនបន្តិចបន្តួចកាលពីម្សិលមិញនេះ គឺជាស្គាល់ទុក្ខធុរៈក្នុងគ្រាលំបាក ក៏ដូចជាការដឹងគុណ ការគោរពស្រឡាញ់ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ដែលកន្លងមក លោកគ្រូ អ្នកគ្រូ បានលះបង់កម្លាំងកាយ ចិត្ត ចែករំលែកចំណេះ ជំនាញ ជូនដល់យុវជនជំនាន់ក្រោយ ក៏ដូចជាបានចូលរួមសហការជាមួយក្រុមការងារទាំងអស់ ក្នុងព្រឹត្តិការណ៍នានាកន្លងមក។

លោកមិននឹកស្មានថា ការចែករំលែកនេះ បានផ្តល់ភាពសប្បាយរីករាយ និងមានការឆ្លើយតបពីលោកគ្រូ អ្នកគ្រូ ក្នុងទឹកចិត្តត្រេកអរបែបនេះនោះទេ។ ទាំងនេះរឹតផ្តល់ឲ្យលោកមានមនោសញ្ចេតនាកាន់តែល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ ដែលទោះបីអំណោយទាំងនោះមិនមានតម្លៃអ្វីធំធេង តែលោកគ្រូ អ្នកគ្រូ បានផ្តល់តម្លៃមកលើមិត្តភាព ការរាប់អាន និងការយោគយល់គ្នាជាជាងតម្លៃនៃអំណោយដែលទទួលបាន។

លោកបន្ថែមទៀតថា ក្រុមការងារតែងចង់ជួបជាមួយ លោកគ្រូ អ្នកគ្រូ យូរណាស់ដែរហើយ តែដោយសារស្ថានភាពមិនអំណោយផល ក៏ទើបមានឱកាសបន្តិច នាព្រឹកម្សិលមិញនេះ ដោយមានការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុតលើសុវត្ថិភាពលោកគ្រូ អ្នកគ្រូ។ ការជួបគ្នានេះគឺមិនមានហេតុផលអ្វីផ្សេង ក្រៅពីការគោពស្រឡាញ់ និងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់គ្នា ក៏ដូចជាការចែករំលែកជូនបន្តិចបន្តួចក្នុងកាលៈទេសៈលំបាកនោះទេ។

សូមឆ្លៀតឱកាសនេះ លោក ហ៊ុន ម៉ានី ជូនពរលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់សូមបានជៀសចាកផុតពីការរាតត្បាតនៃជំងឺកូវីដ១៩ ដ៏កាចសាហាវ ហើយបន្តចូលរួមអនុវត្តវិធាន «៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕