(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់ប្រតិបត្តិទាំង៥ និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ទាំង២៤ តាមរយៈប្រព័ន្ធអនឡាញ Zoom។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីយន្តការពង្រឹង និងលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងពិភាក្សាពីសេចក្ដីព្រាងប្រកាស ស្ដីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងប្រកាសរួមស្ដីពីការផ្តល់សេវាសាធារណៈ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នៅក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីទទួលបានទិន្នន័យពេញលេញសម្រាប់រៀបចំគោលនយោបាយ និងធ្វើការសម្រេចចិត្តដោះស្រាយបញ្ហាគ្រប់ទីកន្លែងបានគ្រប់ជ្រុងជ្រោយ ក្រសួងបានបង្កើត «ក្រុមការងារលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន» តំបន់ប្រតិបត្តិចំនួន ៥ ដើម្បីចុះត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវា ជាអាទិ៍ ទីតាំងស្ថានីយ និងបង្គោលអង់តែនទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ទិន្នន័យវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត និងការប្រើប្រាស់ហ្រេ្វកង់ស៍វិទ្យុ។ ក្រុមការងារប្រតិបត្តិតាមតំបន់ទាំង ៥ ក៏អាចជួយពង្រឹងសមត្ថភាពមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងតំបន់របស់ខ្លួន ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ជូនថា ក្រុមការងារប្រតិបត្តិតាមតំបន់ចំនួន ៥ រួមមាន៖

- តំបន់១៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង
- តំបន់២៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ
- តំបន់៣៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ
- តំបន់៤៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ
- តំបន់៥៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។