(ភ្នំពេញ)៖ ស្បៀងអាហារ ដែលមានដូចជាអង្ករ មី ពងទា និងត្រីខ ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ យកមកប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនៅឡើយ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនារសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រុមហ៊ុនឯកជនទាំង២ ដែលប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ័ អីសួរ៉ិនស៍ ភីអិលស៊ី ឧបត្ថម្ភមី ចំនួន ៥០០កេស តូច ក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD ឧបត្ថម្ភ អង្ករ ៥,០០០គីឡូក្រាម ត្រីខចំនួន៥០០យួរ មីចំនួន៥០០កេសតូច និងពងទាចំនួន ៥,០០០គ្រាប់។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនទាំង២ ដែលបានជួយឧបត្ថម្ភស្បៀងអាហារទាំងនេះ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩។

លោក ឃួង ស្រេង បានថ្លែងថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់ក្រុមហ៊ុនទាំង២ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕