(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្សចំនួន២៣នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩ និងជាសះស្បើយចំនួន៩នាក់។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ មាននោស្រុកសំរោងទង, ស្រុកភ្នំស្រួច និងក្រុងច្បារមន ដែលភាគច្រើនជាកម្មកររោងចក្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានបង្ហាញតួលេខអ្នកទើបជាសះស្បើយចំនួន៩នាក់ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ ត្រួវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិត ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។ ក្នុងករណីមានរោគសញ្ញាសង្ស័យ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន៕