(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឱ្យមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ មនិងសំណង់ខេត្ត ត្រូវសិក្សា ជំរុញអនុវត្តគម្រោងពង្រីកកែលម្អសួនច្បារមាត់ព្រែកកំពត ស្របតាមលក្ខណៈបច្ចេកទេស មានសោភ័ណភាព អនាម័យបរិស្ថានល្អ សំដៅបម្រើឱ្យទេសចរណ៍ក្នុងខេត្តកាន់តែប្រសើរឡើងថែមទៀត។

ការស្នើនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសលោក បានដឹកនាំក្នុងកិច្ចប្រជុំ ស្ដីពីការបង្ហាញវឌ្ឍនភាពការងារអនុវត្តគម្រោងពង្រីកកែលម្អសួនច្បារមាត់ព្រែកកំពតស្ថិតក្នុងភូមិសាស្ត្រនៃសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅដាលាខេត្តកំពត។

លោក ជាវ តាយ បានបន្តថា «គម្រោងការកសាងសួនច្បារតាមមាត់ព្រែក ក្នុងក្រុងកំពតនេះ គឺមិនត្រឹមតែការអភិវឌ្ឍន៍ទៅលើសោភ័ណភាព ឬបរិស្ថានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការសិក្សាឱ្យច្បាស់លាស់ តាមបទដ្ឋានបច្ចេកទេស នៃការរៀបចំឱ្យមានប្រព័ន្ធលូបង្ហូរទឹក បញ្ចៀសការជនលេចក្រុង និងការបង្ហូរទឹកកខ្វក់ តាមស្តង់ដារបច្ចេកទេសបរិស្ថានផងដែរ។ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវសហការ និងរួមគ្នាផ្ដល់យោបល់ពាក់ព័ន្ធទៅលើ រចនាប្លង់គោលសួនច្បារ លក្ខណៈបច្ចេកទេស សោភ័ណភាព និងបរិស្ថាន ដោយបញ្ចៀស និងផលប៉ះពាល់ ផ្សេងៗជាពិសេសប្រព័ន្ធលូបង្ហូរទឹក ដែលសួនច្បារមួយនេះ ត្រូវមានបង្កប់លូក្រោមដីបង្ហូរទឹកាំងពីមុនមកម្លេះ»

លោក ជាវ តាយ បានលើកឡើងទៀតថា រដ្ឋបាលខេត្តកំពត បានខិតខំប្តឹងប្រែងបង្កើនសួនច្បារថ្មីនេះឡើង គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់បម្រើឱ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែមកកម្សាន្ត លេងច្រើនថែមទៀតផងដែរ។

សូមរំលឹកថា ការពង្រីកកែលម្អសួនច្បារមាត់ព្រែកកំពតនេះ ត្រូវបានពង្រីកបន្ថែម ចូលក្នុងព្រែក ដែលមានប្រវែង ១៥ម៉ែត្របន្ថែម ដោយមានកសាងរង្វង់មូលបាញ់ទឹក មានផ្លូវជិះកង់ទទឹង ៣ម៉ែត្រ ផ្លូវដើរកំសាន្តហាត់ប្រាណ ទទឹង៦ម៉ែត្រ សួនច្បារនិងបង់សម្រាប់អង្គុយលេងចំណតសម្រាប់ចតឡានម៉ូតូ មានការបែងចែកតំបន់រូបសំណាក់ តំណាងសួនច្បារខេត្តកំពត និងការដាំផ្កា ដាំដើមឈើឱ្យមានភាពទាក់ទាញ៕