(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ប្រមាណ ៤០ម៉ឺនគ្រួសារហើយ បានទទួលអំណោយជាស្បៀងអាហារពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអាជ្ញាធររាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៣ ខែឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន ៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានចែកជូនប្រជាពលរដ្ឋនៅខណ្ឌមានជ័យ ចំនួន៨០០គ្រួសារ, ខណ្ឌកំបូល ចំនួន១០០គ្រួសារ, ខណ្ឌ៧ មករា ចំនួន៥០០គ្រួសារ, ខណ្ឌច្បារអំពៅ ៨០០គ្រួសារ, ខណ្ឌដូនពេញ ២០០គ្រួសារ, ខណ្ឌទួលគោក ចំនួន៥០០គ្រួសារ, ខណ្ឌចំការមន ៥០០គ្រួសារ, ខណ្ឌបឹងកេងកង ២០០គ្រួសារ និង ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ។

មន្ត្រីដដែលបន្តថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃ១៣ ខែឧសភានេះ បានចំនួន៣៩៩,៦៥២គ្រួសារហើយ។

គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កង កម្លាំង ទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត ៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជាអង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕