(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្លឹងឃើញថា ផ្លែមៀនប៉ៃលិន គឺជាផ្លែឈើមួយ ដែលមានសក្ដានុពល សម្រាប់ការនាំចេញដោយផ្ទាល់ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែចេក និងផ្លែស្វាយ ដែលបាននាំចេញរួមមកនោះ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីធ្វើឡើង ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន នាពេលថ្មីៗនេះ។

លោក វេង សាខុន បានថ្លែងយ៉ាងដូច្នេះថា «យើងបានរៀបចំនាំចេញផ្លែចេកស្រស់ និងនៅឆ្នាំនេះយើងទទួលបានការអនុញ្ញាតឲ្យនាំស្វាយស្រស់ បន្ទាប់នេះ គឺមានផ្លែមៀនប៉ៃលិន ដែលជាផ្លែឈើ បន្ទាប់ពីផ្លែស្វាយ ហើយមានទឹកមាត់ត្រចៀកកាំ និងផ្លែជាច្រើនបន្ដបន្ទាប់ទៀត ដែលអាចនាំចេញទៅកាន់ប្រទេសចិន»

មៀនប៉ៃលិន ឬតាង៉ែន ជាឈ្មោះ ផ្លែឈើម្យ៉ាង ដែលដុះនៅខេត្តប៉ៃលិន។ វាជាប្រភេទ ផ្លែឈើ ដែលមានរសជាតិផ្អែម ស្រដៀងទៅនឹងមៀន ធម្មតាដែរ តែវាមាន សាច់ច្រើនជាង និងមិនសូវមានក្លិនក្រអូប ដូចមៀនពេកនោះទេ។

សម្បុរវាដូចគ្នានឹងមៀនធម្មតាដែរ វាដូចគ្នាស្ទើរតែច្រឡំ។ វាជាផ្លែឈើហូបផ្លែ ដែលមិនប៉ះពាល់ ដល់សុខភាពឡើយ ហើយវាឆ្ញាញ់ បើប្រៀបធៀប នឹងផ្លែឈើដទៃ តាង៉ែនអាចថា បានជាផ្លែឈើដែលមានប្រជាប្រិយភាព ហើយក៏លក់ដាច់ជាងគេនៅទីផ្សារផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះចំនួនមៀនប៉ៃលិន (តាង៉ែន) ជិត១.៥ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួនប្រមាណ១ម៉ឺនហិកតា ទិន្នផលជាមធ្យមចំនួន ១៣.៨៨តោន/ហិកតា បរិមាណផលប្រមាណជា ១៥៩ ៨៣៣តោន៕