(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវមនោសញ្ចេតនា សោមនស្សរំភើប រីករាយយ៉ាងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិត ជាទីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះធម៌ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។

គណៈសង្ឃនាយក បានសម្តែងនូវអំណរសាទរ និងកតញ្ញកតវេទិតាធម៌ចំពោះព្រះរាជគុណូបការៈដ៏ថ្លៃថ្លា ជាទីបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិត ដែលជានិច្ចកាលព្រះអង្គតែងបំពេញនូវព្រះរាជកិច្ច ដ៏ឧត្តុង្គឧត្តមបូជាព្រះកាយពល ព្រះបញ្ញាញាណបម្រើដោយស្មោះស្ម័គ្រ ក្នុងបុព្វហេតុជាតិ នៅគ្រប់កាលៈទេសៈយកព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះព្រះរាជកិច្ចសង្គមបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនា សម្បូរសប្បាយចម្រុងចម្រើនថ្កុំថ្កើនរុងរឿងជូនប្រជា រាស្ត្រខ្មែរ ទាំងគ្រហស្ថ និងបព្វជិតក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាព ក្រោមព្រះបារមីដ៏ពិសិដ្ឋនៃព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ។

ក្នុងឱកាសដ៏មានសិរីមង្គលឧត្តុង្គឧត្តមនេះ ព្រះសង្ឃនៃគណៈសង្ឃនាយក បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី និងទេវតារក្សា ព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជសកម្មភាពដ៏ឧត្តុង្គ ឧត្តមជូនជាតិមាតុភូមិអង្គរដ៏រុងរឿង និងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ប្រជារាស្ត្ររបស់ព្រះអង្គយូរអង្វែងតរៀងទៅ៕