(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់អ្នកដែលចាក់វ៉ាក់សាំងទី២លាន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការឧបត្ថម្ភនេះនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។ អ្នកចាក់វ៉ាក់សាំងទី២លាន បានទៅលើស្ត្រីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ។

ជាមួយនឹងការប្រកាសឧបត្ថម្ភថវិកាជូនអ្នកចាក់វ៉ាក់សាំងទី២លាននេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង ហើយគ្មានជម្រើសណាឱ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេស តម្រូវឱ្យរាជរដ្ឋាភិបាលខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

សម្តេចតេជោ បានបន្ថែមថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ ១៨ឆ្នាំឡើង ដែលនឹងត្រូវចាក់វ៉ាក់សាំងតែ ១០លាននាក់ប៉ុណ្ណោះ ដែលថ្ងៃនេះចាក់បាន២លាននាក់ ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះ ក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឧបត្ថម្ភថវិកាចំនួន ១០លានរៀលបែបនេះ ជូនដល់អ្នកចាក់វ៉ាក់សាំងទី១លានផងដែរ កាលពីខែមេសា កន្លងទៅ។ អ្នកចាក់វ៉ាក់សាំងទី១លាន ប៉ះចំលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ការឧបត្ថម្ភថវិការបស់សម្តេចតេជោ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេស គឺការពារអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការវាយប្រហារដោយជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាចំនួន ២លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១។

រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានខ្ទង់ ១៣លាននាក់ និងឱ្យរួចរាល់នៅដំណាច់ឆមាសទី១ ឆ្នាំ២០២២។

ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការទទួលបានវ៉ាក់សាំង ប្រៀបបាននឹងការទទួលឱសថការពារជីវិតពីមច្ចុរាជកូវីដ១៩។

ការប្រឹងប្រែង និងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញនូវការពេញចិត្ត រីករាយ និងបង្ហាញនូវការចង់ចាំនូវគុណបំណាច់នេះមិនអាចបំភ្លេចបាននោះឡើយ៕