(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ដោយសារស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» នៅខេត្តព្រះសីហនុ មិនទាន់មានការថមថយនៅឡើយ និងដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖

* បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ខែឧសភាដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

* គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

* គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់ តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធ ការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕