(ភ្នំពេញ)៖ អំណោយឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ មានទឹកក្រូច ទឹកសុទ្ធ និងមី ត្រូវបានប្រគល់ដើម្បីឧបត្ថម្ភដល់ក្រុមពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃកងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ពិធីប្រគល់-ទទួលអំណោយនេះ ធ្វើឡើងតាមរយៈ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន និងជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គបញ្ជាការរង និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក.ព.ជ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១នេះ នៅទីបញ្ជាការដ្ឋានកងវិស្វកម្ម។

នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានថ្លែងស្វាគមន៍ និងរបាយការណ៍ពីអនុវត្តន៍ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ដែលបានឧបត្ថម្ដដល់ក្រុមពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្រសួងការពារជាតិ ដែលបាននិងកំពុងបំពេញការងាររបស់ខ្លួនយ៉ាងមមាញឹក។

ថ្លែងក្នុងនាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់វរកងទ័ពដ៏អង់អាចក្លាហានលះបង់អាយុជិវិតក្នុងបុព្វហេតុជាតិ និងមាតុភូមិ ហើយបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំរបស់ក្រុមពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។

អំណោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ប្រគល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក.ព.ជ នាឱកាសនោះ មានទឹកសុទ្ធ ចំនួន១,៦១៥កេស, ទឹកក្រូច ១,០០០កេស និងមី១,០០០កេស៕