(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារអបអរសាទរថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៨ យាងចូល ៦៩ព្រះវស្សា។

ស្ថានទូតចិនបានថ្លែងសារតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «សូមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»

សូមជម្រាបថា ក្នុងឱកាសដ៏មានសិរីមង្គលឧត្តុង្គឧត្តម ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៨ យាងចូល ៦៩ព្រះវស្សា របស់ព្រះមហាក្សត្រកម្ពុជា ប្រជារាស្ត្របានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី និងទេវតារក្សា ព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជសកម្មភាពដ៏ឧត្តុង្គ ឧត្តមជូនជាតិមាតុភូមិអង្គរដ៏រុងរឿង និងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ប្រជារាស្ត្ររបស់ព្រះអង្គយូរអង្វែងតរៀងទៅ៕