(កំពង់ចាម)៖ លោកឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែន ចាត់ឲ្យលោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យណែនាំវិធានការ សុខាភិបាល និងពង្រឹងការងារជំនាញ ដល់កងកម្លាំងតាមបណ្តាលគោលដៅ អនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ថ្មី ចំនួន០៣គោលដៅ។

គោលដៅទី១៖ នៅស្រុកចំការលើ នៅភូមិដូនធី ឃុំបុសខ្នុរ, គោលដៅទី២៖ ស្រុកជើងព្រៃ នៅភូមិសង្កែ ឃុំស្ដើងជ័យ និងគោលដៅទី៣៖ ស្រុកបាធាយ នៅភូមិបាធាយ ឃុំបាធាយ។

ក្នុងនោះ លោកវរសេនីយ៍ឯក អឿ សុភា បានធ្វើការណែនាំនូវខ្លឹមសារសំខាន់ៗ ចំនួន៥ចំណុចដូចខាងក្រោម៖

*ទី១៖ ពង្រឹង និងណែនាំវិធានការសុខាភិបាល ដល់កងកម្លាំង និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ផ្លូវ ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ»

*ទី២៖ ណែនាំឲ្យប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យ ឯកសណ្ឋាន អាកប្បកិរិយាថ្លៃថ្នូរ អត់ធ្មត់ខ្ពស់ និងជៀសវាងដាច់ខាតប្រើអំពើហិង្សាគ្រប់រូបភាព ក្នុងពេលបំពេញភារកិច្ចអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល

*ទី៣៖ ពង្រឹង និងណែនាំបន្ថែមចំពោះការទទួលខុសត្រូវត្រួតពិនិត្យ ក្បួនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលត្រូវឆ្លងកាត់តាមបណ្ដាគោលដៅ

*ទី៤៖ ពង្រឹងលើការអនុវត្តការងារជំនាញ

*ទី៥៖ លើកបញ្ហាប្រឈម សំណូមពរ និងដាក់ទិសដៅអនុវត្ដបន្ត៕