(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅម៉ោង២រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ នឹងនាំយកនូវថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១០លានរៀល ឧបត្ថម្ភដល់អ្នកចាក់វ៉ាក់សាំងការពារកូវីដទី២លាន នៅសង្កាត់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អ្នកចាក់វ៉ាក់សាំងទី២លាន ដែលទទួលការឧបត្ថម្ភថវិកា១០លានរៀលនេះ បានទៅលើស្ត្រីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់អ្នកដែលចាក់វ៉ាក់សាំងទី២លាន។

ជាមួយនឹងការប្រកាសឧបត្ថម្ភថវិកាជូនអ្នកចាក់វ៉ាក់សាំងទី២លាននេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាង អង្គុយបក់ផ្សែង ហើយគ្មានជម្រើសណាឱ្យល្អជាង ការខិតខំស្វែងរកវ៉ាក់សាំងចាក់ ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀត នៅស្ទើរគ្រប់ប្រទេស តម្រូវឱ្យរាជរដ្ឋាភិបាលខិតខំរកវិធីទប់ស្កាត់ការឆ្លង និងការបាត់បង់ជីវិតប្រជាជនយើង តាមរយៈការចាក់វ៉ាក់សាំង។

សម្តេចតេជោបានបន្ថែមថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ ១៨ឆ្នាំឡើង ដែលនឹងត្រូវចាក់វ៉ាក់សាំងតែ ១០លាននាក់ប៉ុណ្ណោះ ដែលថ្ងៃនេះចាក់បាន២លាននាក់ ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះ ក៏បាន និងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឧបត្ថម្ភថវិកាចំនួន ១០លានរៀលបែបនេះ ជូនដល់អ្នកចាក់វ៉ាក់សាំងទី១លានផងដែរ កាលពីខែមេសា កន្លងទៅ។ អ្នកចាក់វ៉ាក់សាំងទី១លាន ប៉ះចំលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ការឧបត្ថម្ភថវិការបស់សម្តេចតេជោ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេស គឺការពារអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការវាយប្រហារដោយជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាចំនួន ២លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១៕