(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បញ្ជាក់អំពីការរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុករំដួល និងស្រុករមាសហែក ដែលពួកគាត់ធ្លាប់ប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដនាពេលកន្លងទៅ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ គិតចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ 097 503 4567 / 044 712 522៕