(រតនគិរី)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងក្តីអាណិតអាសូរជាពន់ពេក ចំពោះកុមារីរួមរូបនៅក្នុងខេត្តរតនគិរី ដែលបានរងគ្រោះដោយការរំលោភសេពសន្ថវៈ និងប៉ុនប៉ងសម្លាប់ ពីជនចិត្តតិរិច្ឆានកាលពីពេលថ្មីៗនេះ។

កុមារីមួយរូបអាយុ ១៤ឆ្នាំ រស់នៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ត្រូវបានឪពុកមិត្តភក្តិរបស់ខ្លួនចាប់រំលោភ ហើយបានអារកប៉ុនប៉ងផ្តាច់ជីវិត។ តែជាកុសលផលបុណ្យអាយុមិនអស់ កុមារីរូបនេះ ក៏ត្រូវបងប្អូន និងក្រុមគ្រួសារឃើញទាន់ បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ពេលទទួលបានព័ត៌មានដ៏សែនខ្លោចចិត្តនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានប្រសិទ្ធនាមជាមាតាធម៌ និងតែងស្អប់ខ្ពើមចំពោះអំពើយង់ឃ្នងក្នុងសង្គមនោះ ក៏បានណែនាំភ្លាមៗទៅកាន់មន្ត្រីកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារមួយចំនួនជូនទៅក្រុមគ្រួសារកុមារីរងគ្រោះរូបនេះ។

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បានអញ្ជើញដោយផ្ទាល់នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចុះសួរសុខទុក្ខកុមារីរងគ្រោះរូបនេះ។

ក្នុងឱកាសនោះ លោក ថង សាវុន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតអាសូរ ដល់កុមារីរងគ្រោះ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ថង សាវុន បានសម្តែងនូវការសោកស្តាយ និងការអាណិតសអាសូរដល់ក្មេងស្រីរងគ្រោះជាខ្លាំង ដែលបានជួបរឿងអកុលសនេះ ហើយជូនពរឱ្យក្មួយស្រីឆាប់បានជាសះស្បើយដូចដើមវិញ។

ទន្ទឹមនឹងនោះ លោក ថង សាវុន ក៏បានកោតសរសើរដល់ក្រុមគ្រួពេទ្យ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះក្នួយស្រីបានទាន់ពេលវេលា និងបានផ្តាំផ្ញើបន្ថែមជាមួយក្រុមគ្រូពេទ្យ ក៏ដូចជាអាណាព្យាបាល សូមបន្តយកចិត្តទុកដាក់មើលថែក្នួយស្រីឱ្យបានល្អផងដែរ។

អំណោយដែលបាននាំមកជូននាពេលនេះរួមមាន៖ អង្ករ៥០គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកដោះគោឆៅ ២យួរ ទឹកពិសារ១កេស និងថវិកា ៥លានរៀលផងដែរ៕