(ភ្នំពេញ)៖ បានទទួលអំណោយកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយចែកជូនមនុស្សចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ច្រើនគ្រួសារ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ៣៤គ្រួសារ នៅសង្កាត់ទន្លេបាសាក់។

ការផ្តល់អំណោយ បានធ្វើនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់។

លោក ថេង សុថុល បានថ្លែងថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៏ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់។

នាឱកាសនោះ លោក ថេង សុថុល បាននាំមកនូវផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

លោកបានលេីកឡេីងថា ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ដោយសង្កេតឃេីញថាពេលនេះ ជារដូវក្ដៅផងនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ។

លោក សុន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនដល់មនុស្សចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣៤គ្រួសារ នាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១យួរ និងម៉ាស១០៕