(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី មេរៀន និងបទពិសោធន៍ពីវេទិកាអន្តរជាតិក្រុងសេអ៊ូល សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា គ.ជ.ប កម្ពុជា ដែលជាសមាជិកមួយនៃសមាគមស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ប្រទេស ទទួលបានការអញ្ជើញពីលេខាធិការដ្ឋាន A-WEB ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូល លើកទី៧ ដែលរៀបចំដោយ គ.ជ.ប នៃសាធារណរដ្ឋកូរ៉េ តាមប្រព័ន្ធអនឡាញ (Online) នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារជាច្រើនរូប នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូលនេះ ដើម្បីដកស្រង់មេរៀន និងបទពិសោធន៍ សម្រាប់ត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជាក្នុងបរិបទកូវីដ១៩។

វេទិកាអន្តរជាតិនេះ ផ្ដោតសំខាន់លើប្រធានបទចំនួន២ គឺ៖

ទី១៖ វិបត្តិលទ្ធិប្រជាធិបតេយ្យ និងការកសាងទំនុកចិត្តក្នុងការបោះឆ្នោត

ទី២៖ តួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបោះឆ្នោត

វាគ្មិនជំនាញៗមកពីអង្គការ IFES (អង្គការមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត) គណៈកម្មការរៀបចំការបោះឆ្នោតនានា អង្គការ MEMO ៩៨ (អង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន) អ្នកជំនាញតាមប្រព័ន្ធ Twitter នៅប្រទេសកូរ៉េ និងអ្នកជំនាញនៃសាកលវិទ្យាល័យ Sungkyunkwan បានចែករំលែកមេរៀន និងបទពិសោធន៍ជុំវិញប្រធានបទទាំងពីរនេះ។

ទាក់ទងនឹងវិបត្តិលទ្ធិប្រជាធិបតេយ្យ និងការកសាងទំនុកចិត្តក្នុងការបោះឆ្នោត វេទិកាអន្តរជាតិទីក្រុងសេអ៊ូល បានលើកឡើងថាវិបត្តិសុខភាពសាធារណៈបានជំរុញឱ្យអាជ្ញាធរចាំបាច់ត្រូវដាក់កំហិតលើ សេរីភាព និងសិទ្ធិជាមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ចំណែកឯតួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបោះឆ្នោត អ្នកជំនាញបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង ហើយសព្វថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ការឃោសនាបោះឆ្នោតផងដែរ។ ដូចនេះអាជ្ញាធររដ្ឋនៃប្រទេសនីមួយៗត្រូវមានវិធានការជាក់ស្ដែងតាមរយៈវិធានការច្បាប់ ឬបទបញ្ជា ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមណាមួយដែលនាំឱ្យមានការបែកបាក់ជាតិ ឬនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

វាគ្មិនបានកត់សម្គាល់ចំពោះការប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គមដ៏ផុសផុល ដោយអតីតបេក្ខជនប្រធានាធិបតីក្នុងដំណើរការបោះឆ្នោត តួយ៉ាងលោក Barak Obama ប្រើប្រាស់ Facebook និង Twitter លោក Bernie Sender Instagram លោកស្រី Hillary Rodham Clinton Twitter លោក Donald Trump Twitter។

ឥឡូវនេះ Twitter ត្រូវបានប្រើប្រាស់ជាសកល និងជាគោលដៅសម្រាប់ការបោះឆ្នោតនៅរៀងរាល់ឆ្នាំ (Every year is an election year on Twitter)។

ឆ្លើយតបនឹងសំណួរថាតើត្រូវទាក់ទាញយុវជនយ៉ាងម៉េចចំពោះការបោះឆ្នោត? អ្នកជំនាញបានបំភ្លឺថាគឺការប្រើប្រាស់បណ្ដាញព័ត៌មានសង្គម Tik Tok Instagram Twitter និង Facebook។

ក្នុងវេទិកានេះ វាគ្មិនដទៃទៀតក៏បានចែករំលែកនូវគន្លឹះសំខាន់ៗ ក្នុងប្រទេសមួយចំនួនដែលបានរៀបចំការបោះឆ្នោតក្នុងបរិបទកូវីដ១៩ ហើយនៅតែរក្សាបានអត្រានៃអ្នកបោះឆ្នោតដដែល ឬខ្ពស់ជាងពេលគ្មានការរាតត្បាតកូវីដ១៩ ដូចខាងក្រោម៖

* មុនពេលបោះឆ្នោត៖

- កែសម្រួលបទបញ្ជា និងនីតិវិធីឱ្យស្របតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩
- បណ្តុះបណ្តាលមន្រ្តីបោះឆ្នោតឱ្យយល់ច្បាស់ពីស្ថានភាព និងការបង្ការជំងឺកូវីដ១៩ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ទាំងមន្រ្តីបោះឆ្នោត និងអ្នកបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត។

* ក្នុងពេលបោះឆ្នោត៖

- អ្នកបោះឆ្នោតត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល (១ម៉ែត្រកន្លះ) វាស់កម្តៅ និងលាងសម្អាតដៃមុនពេលចូលការិយាល័យបោះឆ្នោត
- មន្រ្តីបោះឆ្នោតត្រូវពាក់ម៉ាសគ្រប់ពេលវេលា និងបាញ់សម្លាប់មេរោគលើឧបករណ៍ សម្ភារបោះឆ្នោត ជាពិសេសបន្ទប់សម្ងាត់
- ចំពោះករណីវាស់កម្តៅឃើញខ្ពស់ ឬករណីសង្ស័យ អ្នកបោះឆ្នោតត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគេ ហើយអាជ្ញាធរសុខាភិបាលត្រូវត្រួតពិនិត្យសុខភាពមុននឹងអនុញ្ញាតឱ្យបោះឆ្នោតនៅក្នុងបន្ទប់សម្ងាត់ពិសេស បន្ទាប់មកមន្រ្តីបោះឆ្នោតត្រូវសម្លាប់មេរោគនៅក្នុងបន្ទប់សម្ងាត់នោះ។

* ក្រោយពេលបោះឆ្នោត៖

- មន្រ្តីបោះឆ្នោតត្រូវពាក់ម៉ាស់ និងសម្លាប់មេរោគមុនពេលរាប់សន្លឹកឆ្នោត
- ការរាប់សន្លឹកឆ្នោតត្រូវធ្វើនៅកន្លែងដែលមានខ្យល់ចេញ-ចូល
- ធ្វើការវាយតម្លៃលើការបោះឆ្នោត ថាតើបានអនុវត្តត្រឹមត្រូវ និងមានស្តង់ដារសុវត្ថិភាពដែលហៅថា SOP (Standard Operating Procedure) ដែរឬទេ ដោយប្រើតារាងផ្ទៀងផ្ទាត់ការងារ សម្រាប់ដំណាក់កាលមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតឬទេ។

ការចូលរួមនេះពិតជាមានសារៈសំខាន់ក្នុងពេលដែល គ.ជ.ប កំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតក្នុងបរិបទកូវីដ១៩ គឺការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

វេទិកាអន្តរជាតិក្រុងសេអ៊ូល សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ១៩ បានផ្តល់នូវធាតុចូលថ្មីៗមួយចំនួនសម្រាប់ឱ្យ គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងសុវត្ថិភាព។ ជាងនេះទៀត ការប្រើប្រាស់បណ្តាញសង្គមដ៏សំបូរបែបនៅកម្ពុជាបទពិសោធន៍ពីវេទិកាអន្តរជាតិទីក្រុងសេអ៊ូល គឺជាធាតុចូលថ្មីមួយសម្រាប់ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា។

ទាំងអស់នេះក៏សម្រាប់ត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខនេះ ប្រសិនបើកូវីដ១៩ នៅតែអង្រួនកម្ពុជា និងពិភពលោក។

ការបោះឆ្នោតក្នុងបរិបទកូវីដ១៩ គ.ជ.ប បានសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ជាច្រើនជាមួយសហគមន៍អន្តរជាតិ ជាពិសេសការដែលប្រទេសមួយចំនួនមិនពន្យារពេលបោះឆ្នោត និងរៀបចំ ការបោះឆ្នោតប្រកបដោយសុវត្ថិភាព៕