(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាព ដែលស្ថិតនៅបរិវេនសាលាឃុំជាច ស្រុកកំចាយមារ។

ក្នុងឱកាសនោះលោក ជា សុមេធី បានថ្លែងថា កាលដើម មណ្ឌលសុខភាពឃុំជាច មានទីតាំងស្ថិនៅភូមិទួល សង្កែរបណ្តោយ នឹងមានសភាពតូចចង្អៀត ទីតាំងមិននៅចំ ចំណុចកណ្តាលរបស់ឃុំនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋ មួយចំនួន មានការលំបាកក្នុងការទៅទទួលសេវាសុខភាព ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ ប៉ែកខាងជើងមួយផ្នែកនៃឃុំជាច នៅឆ្ងាយ បានទៅទទួលសេវាសុខភាពនៅឃុំដូនតី ស្រុកពញាក្រែក ដែលមានទីតាំងជិតជាង។

ដោយមើលឃើញពីការលំបាក និងដោយមានការស្នើសុំ ពីប្រជាពលរដ្ឋក្នុងឃុំជាចលោក វង សូត បានសាងសង់អគារមណ្ឌល សុខភាពថ្មីយ៉ាងល្អប្រណិត ដែលមានទីតាំងនៅភូមិជាចលិច លើផ្ទៃដីទិញថ្មីទំហំ ៣.០០០ម៉ែត្រក្រឡា បំពាក់ ដោយសម្ភារៈបរិក្ខាពេទ្យ និងឧបករណ៍ទំនើប ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក វង សូត បានថ្លែងថា សមិទ្ធផលដ៏ធំធេងនេះគឺទុកជាសម្បត្តិរួមសម្រាប់ប្រើប្រាស់បម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋទូទៅដែលគាត់មកទទូលសេវានៅមណ្ឌលសុខភាពនេះ។

រដ្ឋមន្ត្រីបានណែនាំ ដល់ក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលសុខភាពនេះ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលសុខភាពដល់ប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលគាត់មកទទួលសេវានៅមណ្ឌលសុខភាព។

លោកផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកកំចាយមារ ត្រូវតែបន្ត អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ «៣កុំ និង៣ការពារ» ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ការទប់ស្កាត់នៅក្នុងសហគមន៍។

សូមបញ្ជាក់ថា ពិធីប្រគល់ ទទួល អគារមណ្ឌលសុខភាព និងសមិទ្ធផលនានា នាពេលនេះមាន៖

១៖ អគារមណ្ឌលសុខភាពឃុំ ១ខ្នងសាងសង់ពីបេងតុង ដំបូលឆ្អឹងដែក ប្រក់ក្បឿងថៃ នៅក្នុង អគារមានបន្ទប់ធ្វើការចំនួន ៨បន្ទប់ នឹងបន្ទប់ទឹក៤ បន្ទប់ធ្វើការទាំង៨ បានចែកចេញជា ១ បន្ទប់ សំរាល
២៖ បន្ទប់ថែទាំក្រោយសំរាល
៣៖ បន្ទប់អេកូសាស្ត្រ
៤៖ បន្ទប់យាម ប្រចាំការ
៥៖ បន្ទប់ឱសថ
៦៖ បន្ទប់ពិគ្រោះជំងឺមនុស្សធំ និងកុមារ
៧៖ បន្ទប់ពិនិត្យផ្ទៃពោះ និងពន្យារកំណើត
៨៖ បន្ទប់ផ្ដល់ថ្នាំបង្ការ។

គ្រប់បន្ទប់ទាំងអស់ ត្រូវបានរចនាប្លង់និងទំហំបន្ទប់តាមស្តង់ដា របស់ក្រសួងសុខាភិបាល និងបាន បំពាក់សម្ភារៈម៉ាស៊ីនអេកូសាស្ត្រ បរិក្ខាពេទ្យគ្រប់គ្រាន់។ ក្នុងនោះអាគារឃ្លាំង ១ខ្នង ធ្វើអំពីបេតុងប្រក់សង្ខសីមាន២បន្ទប់ និងបន្ទប់ទឹកក្រៅចំនួន ២បន្ទប់ទៀតសម្រាប់ប្រជាពលប្រើប្រាស់ ពេលជូនអ្នកជំងឺមកសំរាកព្យាបាល។

ក្លោងទ្វារមណ្ឌលសុខភាពឃុំ ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿងស្រការនាគ។ ចាក់សាបឆ្អឹងដែក១០លី ជុំវិញទីធ្លារបរិវេណសាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល និង ខាងមុខរបង រហូតដល់ផ្លូវកៅស៊ូ ចំនួន១.៨១៥ ម៉ែត្រក្រឡា។ ធ្វើសួនច្បារ និងដាំស្មៅក្នងសួនខាងមុខមណ្ឌលសុខភាពឃុំចំនួន ៧០០ម៉ែត្រក្រឡា។ ផ្ដល់រថយន្តពេទ្យ ១គ្រឿង និងបំពាក់គ្រឿងបរិក្ខាពេទ្យ១កំប្អៀរ ក្នុងរថយន្ត។ រោងដាក់រថយន្តចំនួន ២កន្លែងទំហំ ៣៥២ម៉ែត្រក្រឡា ផ្ទះបាយ១កន្លែង ទំហំ ២៤ម៉ែត្រក្រឡា។ ទិញដីបន្ថែមទំហំ ១.៣០០ម៉ែត្រក្រឡា និងចាក់ដីបំពេញចំនួន១.៣៤៥ម៉ែត្រក្រឡា និងធ្វើរបងថ្មព័ទ្ធជុំវិញប្រវែង ៧៥ម៉ែត្រ កំពស់២,៣ ម៉ែត្រ។

ក្នុងនោះលោករដ្ឋមន្ត្រី វង សូត ក៏បានឧបត្ថម្ភថវិកាសម្រាប់ប្រើប្រាស់ដើម្បីបង្ការទប់ស្កាត់នៃជំងឺកូវីដចំនួន ១០ លានរៀលជូនសាលាស្រុកកំចាយមារ ឧបត្ថម្ភដល់មណ្ឌលសុខភាពចំនួន ៣ លានរៀល ប៉ុស្តិ៍នគរបាលចំនួន ២ លានរៀល ឧបត្ថម្ភឃុំជាច៥លានរៀល នឹងចេញថ្លៃកាត់ខោអាវដល់ប្រជាការពារភូមិ និងថវិកាចំនួន១៩.៦០០.០០០រៀល និងអាយកូមចំនួន ៦០ គ្រឿង ឧបត្ថម្ភដល់សាលារៀន ៨លានរៀល និងបានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងម្នាក់ៗទទួលបានម៉ាស អាកុល ក្រមា និងថវិកា ៥ ម៉ឺនរៀល៕