(ភ្នំពេញ)៖ លោកបណ្ឌិត សំ ចាន់ធី ជំនាញគ្រប់គ្រងធនធានធម្មជាតិ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម បានលើកឡើងថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមជាយន្តការឈ្នះឈ្នះ សម្រាប់ការអភិវឌ្ឍ និងការអភិរក្សនៅក្នុងប្រទេសកម្ពុជា។

លោក បណ្ឌិត សំ ចាន់ធី បានបន្តថា កំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់ បានបង្ហាញឱ្យឃើញរឹតតែច្បាស់នូវសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងការស្រូបយកនូវការវិនិយោគធំៗ ដូចជាក្នុងវិស័យកសិកម្ម, វិស័យកសិឧស្សាហកម្ម, វិស័យវាយនភ័ណ្ឌ, វិស័យទេស ចរណ៍, វិស័យសំណង់, និងវិស័យរ៉ែនិងថាមពលជាដើម។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានភាពទាក់ទាញដល់ការវិនិយោគបរទេស ហើយប្រទេសនេះក៏បានត្រៀម ខ្លួនរួចជាស្រេចសម្រាប់កំណើនបន្ថែមទៀត។ នេះក៏អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជ្រៀបខ្លួនទៅក្នុងទីផ្សារតំបន់និងអន្តរជាតិយ៉ាងឆាប់រហ័ស តាមរយៈការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់ការវិនិយោគ ការធ្វើកំណែទម្រង់ច្បាប់ដែលមានការលើកទឹកចិត្ត និងអំណោយផលដល់ការធ្វើវិនិយោគ និងការរក្សាបាននូវតម្លៃនិងបរិយាកាសនៃកំលាំងពលកម្មដែលមានការប្រកួតប្រជែងក្នុងតំបន់។

លោក បណ្ឌិត សំ ចាន់ធី បានបញ្ជាក់ថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម គឺជាការសិក្សាព្យាករនូវហេតុប៉ះពាល់នានាពីគម្រោងវិនិយោគ ឬគម្រោងអភិវឌ្ឍន៍ទៅលើធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ច-សង្គម នៅក្នុង និងជុំវិញតំបន់គម្រោង ព្រមទាំងលើកឡើងនូវវិធានការទប់ស្កាត់ និងកាត់បន្ថយសំដៅធានាឱ្យមាននូវហេតុប៉ះពាល់អវិជ្ជមានតិចតួ, លើកកម្ពស់កិច្ចការពារបរិស្ថាន, និងបង្កើនអត្ថប្រយោជន៍សម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល។ ច្បាប់ស្តីពីកិច្ចការការពារបរិស្ថាន និងការគ្រប់គ្រងធន ធាន ធម្មជាតិក្នុងឆ្នាំ១៩៩៦ បានចែងអំពីតម្រូវការនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមសម្រាប់គម្រោងអភិវឌ្ឍន៍នានា៕

ខាងក្រោមនេះជារបាយការណ៍ និងការស្រាវជ្រាវរបស់លោកបណ្ឌិត សំ ចាន់ធី៖