(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកការចេញ-ចូលឡើងវិញ នូវតំបន់មួយចំនួននៅមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល និងទីតាំងផ្ទះអាជីវកម្មដ្ឋានចំនួន៩ ចាប់ពីថ្ងៃទី១៤ ខែឧសភានេះតទៅ។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ទីតាំងខាងលើ គឺជាប់ពាក់ព័ន្ធក្រុមគ្រួសារ ស៊ាង គឹមសាន ឈ្មោះ រិទ្ធ គន្ធី ឈ្មោះ ហួត រតនៈវត្ថុ និងក្រុមគ្រួសារឈ្មោះ ស៊ុយ វិល រដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងផ្ទះចំនួន៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ នូវតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងផ្ទះ អាជីវកម្មដ្ឋានចំនួន៩ ក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ។

យ៉ាងណារដ្ឋបាលខេត្ត នៅបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការទទួលបានវ៉ាក់សាំង ប្រៀបបាននឹងការទទួលឱសថការពារជីវិតពីមច្ចុរាជកូវីដ១៩។

ការប្រឹងប្រែង និងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញនូវការពេញចិត្ត រីករាយ និងបង្ហាញនូវការចង់ចាំនូវគុណបំណាច់នេះមិនអាចបំភ្លេចបាននោះឡើយ៕