(ភ្នំពេញ)៖ សមាគមមិត្ដភាព កម្ពុជា-ចិន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ទទួលបានម៉ាសចំនួន១០០,០០០ម៉ាស ពីមូលនិធិសប្បុរសធម៌ក្រុងស៊ិនជិន, មូលនិធិស៊ិនជិនសម្រាប់ការផ្លាស់ប្ដូរ និងសហប្រតិបត្ដិការអន្ដរជាតិ និងមូលនិធិឈានយ័នក្រុងស៊ិនជិន ប្រទេសចិន។

អំណោយម៉ាសទាំង១០ម៉ឺនម៉ាស ខាងលើនេះ ត្រូវបានសមាគមមិត្ដភាព កម្ពុជា-ចិន បែងចែកប្រគល់ជូនទៅស្ថាប័នចំនួន៤ ដែលកំពុងប្រយុទ្ធយ៉ាងសកម្ម ក្នុងបុព្វហេតុប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ រួមមាន៖

* ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា
* ទី២៖ មន្ទីពេទ្យព្រះកេតុមាលា
* ទី៣៖ សាលាខណ្ឌទួលគោក, សាលាខណ្ឌសែនសុខ
* ទី៤៖ សមាគមនិកាយចិន ទៀជីវ។

ក្នុងឱកាសនោះ លោក ឯក សំអុល ប្រធានសមាគមមិត្ដភាព កម្ពុជា-ចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ឧបត្ថម្ភដែលបានប្រគល់ជូន នូវម៉ាសចំនួន១០០,០០០ម៉ាស ដើម្បីជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។

លោក ឯក សំអុល បានសម្តែងនូវការរីករាយ ដោយលោកបានបញ្ជាក់ថា កាយវិការ នៃការចូលរួមទាំងអស់នេះ គឺជាការរួមចំណែកលើការងារមនុស្សធម៌ ពាក់ព័ន្ធនឹងជំងឺឆ្លងយ៉ាងកាចសាហាវនេះ។

គូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៤៩៩នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុបចំនួន ៩,៨៦៧នាក់ និងស្លាប់សរុបចំនួន១៤៧នាក់៕