(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន ៥លានបន្ថែមទៀត ជូនទៅអ្នកចាក់វ៉ាក់សាំងទី១លាន។

អ្នកចាក់វ៉ាក់សាំងទី១លាន គឺបានទៅលើ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកចាក់វ៉ាក់សាំងទី១លាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

កាលពីខែមេសានោះ លោកទទួលបានថវិកាឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ចំនួន ៥លានរួចម្តងមកហើយ។ ថវិកា៥លានរៀល ដែលឧបត្ថម្ភនៅថ្ងៃនេះ គឺឱ្យគ្រប់ ១០លានរៀល ស្មើនឹងអ្នកចាក់វ៉ាក់សាំងទី២លាន។ អ្នកទី២លាន បានទៅលើកម្មការិនីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាន់ សុវណ្ណរិទ្ធិ បានសម្តែងការរីករាយ និងបានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយបានស្វះស្វែងរកវ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភថវិកាលើកទឹកចិត្តសម្រាប់អ្នកទី១លាន និង២លាន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជនចាក់វ៉ាក់សាំងទី១ គឺលោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ។ រហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាចំនួនជាង ២លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១។

រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានខ្ទង់ ១៣លាននាក់ និងឱ្យរួចរាល់នៅដំណាច់ឆមាសទី១ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង ហើយគ្មានជម្រើសណាឱ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវឱ្យរាជរដ្ឋាភិបាលខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនតាមរយៈការចាក់វ៉ាក់សាំង។

សម្តេចតេជោ បានបន្ថែមថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ ១៨ឆ្នាំឡើង ដែលនឹងត្រូវចាក់វ៉ាក់សាំងតែ ១០លាននាក់ប៉ុណ្ណោះ។ សម្តេចតេជោ បានបន្ថែមថា ការចាក់វ៉ាក់សាំងនេះ ក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព៕