(បន្ទាយមានជ័យ)៖ អំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាននាំយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន ៨៣គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងតំបន់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយនេះ ត្រូវបានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ចាត់ឱ្យលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ដឹកនាំក្រុមការងារចុះប្រគល់ ជូនដោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ ត្រីខ១យួរ។

នាឱកាសនោះ លោកអភិបាលខេត្ត បាននាំការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅក្នុងគ្រាដ៏លំបាកមួយនេះ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋបន្តចូលរួម ប្រយុទ្ធនឹងប្រឆាំងកូវីដ-១៩ និងរក្សាអនាម័យដៃស្អាត ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា ពិសេសអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕