(កំពង់ធំ)៖ អ្នកលក់ដូរបន្លែ ត្រី សាច់ នៅផ្សារសេរីស្ទោង ខេត្តកំពង់ធំ បាននាំគ្នាតវ៉ា ដើម្បីសុំរក្សាការលក់ដូរនៅផ្សារសេរីស្ទោងដដែល ក្រោយពីអាជ្ញាធរបានរៀបចំសណ្ដាប់ធ្នាប់។

បងប្អូនអាជីវករ បានលើកឡើងថា ពួកគាត់គាំទ្រ និងការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរ ដែលមិនឲ្យរៀបលក់លើចិញ្ចើមផ្លូវ ដោយពួកគាត់លក់ទៅតាមគំនូសដែលអាជ្ញាធរបានរៀបចំឲ្យ។ ដោយឡែក បងប្អូនគ្រាន់តែសំណូមពរទៅដល់អាជ្ញាធរ សូមឲ្យមានការបើកផ្លូវដល់រថយន្តដែលបានដឹកបន្លែត្រីសាច់ដូចធម្មតា។

ជុំវិញបញ្ហានេះលោក ណែត សារី អភិបាលស្រុកស្ទោង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះថា ក្រោយពីបានបើកដំណើរឡើងវិញបន្ទាប់ពីបានបិទខ្ទប់ ជាបណ្តោះអាសន្ន នៅឃុំចំនួន៤ ក្នុងស្រុកស្ទោង ក្នុងខេត្តកំពង់ធំ មួយរយៈដែលមានឃុំកំពង់ចិនត្បូង កំពង់ចិនជើង ចំណារលើនិងឃុំសំព្រោជ រដ្ឋបាលស្រុក ក៏បានដឹកនាំក្រុមការងារដើម្បីរៀបចំ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងទីប្រជុំជន និងបើកឲ្យដំណើរការឡើងវិញ ហើយក៏បានណែនាំដល់បងប្អូនអាជីវករ ដែលមានការលក់ដូរលើដីចំណីផ្លូវការលក់ដូរ និងយកទៅធ្វើជាកន្លែងលក់ដូរទៅធ្វើឲ្យកកស្ទះនៅចរាចរណ៍ និងការប្រមូលផ្ដុំគ្នាច្រើនបង្កើត ទៅជាហានិភ័យនៃការចម្លងកូវីដ១៩។

ជាធម្មតាការរៀបចំសណ្ដាប់ធ្នាប់ផ្សារសេរីស្ទោង នៅតាមបណ្ដោយផ្លូវដែលបងប្អូនអាជីវករទាំងអស់នោះ បានយកផ្លូវសាធារណៈមកលក់ដូរដែលបង្កធ្វើឱ្យមានការកកស្ទះចរាចរណ៍និងបាត់បង់សណ្ដាប់ធ្នាប់ បាត់បង់សោភ័ណភាព និងមិនគោរពទៅតាមតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលមិនមានគម្លាតសុវត្ថិភាពក្នុងបរិបទកូវីដ១៩។

លោកបញ្ជាក់ទៀតថា ការរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឲ្យបាត់បង់ប្រយោជន៍មួយចំនួនរបស់បងប្អូន ដែលធ្លាប់តែយកចំណីផ្លូវ និងមុខផ្ទះទៅជួលឲ្យអ្នកលក់ដូរផ្សេងៗទៀត ដែលធ្វើឲ្យពួកគាត់ចំណាយថវិកាច្រើន។

លោកបន្តថា អាជ្ញាធរស្រុក បានសហការជាមួយផ្សារស្ទោងអភិវឌ្ឍដើម្បីរកទីតាំងផ្ដល់ជូនពួកគាត់ដែលធ្វើការលក់បន្លែ ត្រីសាច់ នៅលើដីចំណីផ្លូវនេះ និងជួលនៅមុខផ្ទះរបស់គេដើម្បីធ្វើការលក់ដូរឲ្យបានត្រឹមត្រូវមានទីធ្លាស្អាត
និងមិនមានការបង់ប្រាក់ហើយគ្មានការបង្ខិតបង្ខំឡើយ។

បើបងប្អូនណាចង់មកលក់ដូរនៅផ្សារស្ទោងអភិវឌ្ឍន៍ ក៏បានមិនមកលក់ក៏បានទៅស្រេចតែនឹងចិត្តតែត្រូវគោរពតាមការរៀបចំរបស់អាជ្ញាធរដែលបានកំណត់។ ជាមួយគ្នានេះ បងប្អូនដែលធ្លាប់លក់ដូរនៅផ្សារសេរីស្ទោង បានប្ដូរមកលក់ដូរនៅផ្សារស្ទោងអភិវឌ្ឍវិញ បានលើកឡើងថា ពួកគាត់បានមកលក់នៅទីនេះ មានកន្លែងស្អាត ត្រឹមត្រូវ ហើយគ្មានអ្នកណាបង្ខិតបង្ខំទេ ហើយកន្លែងនេះ ក៏គ្មានការបង់ប្រាក់ឡើយនោះដែរ ដូច្នេះសូមឱ្យបងប្អូនមកលក់ទីនេះដើម្បីមានកន្លែងលក់ដូរបានសមរម្យ៕