(ភ្នំពេញ)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីមូលដ្ឋានស្រុកកំចាយមារ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការ ដាក់ចេញដោយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេនៅក្នុងការអនុវត្តវិធានការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ ខេត្តមួយទៅកាន់ខេត្តមួយ និងវិធានការបន្តបន្ទាប់ទៀតបានយ៉ាងល្អប្រសើរ។
លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ស្រុកកំចាយមារ បានថ្លែងការកោតសរសើរនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋានស្រុកកំចាយមារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅសាលាស្រុកកំចាយមារ។
ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង លោក ស្តើង សុខុម សម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់មន្ដ្រីទាំងអស់ ក្នុងការធ្វើសកម្មភាពនានា បម្រើឲ្យផលប្រយោជន៍ជាតិ និងប្រជាជនពិសេស គឺការចូល រួមទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនរួមចំណែកដល់ការបម្រើឲ្យសកម្មភាពទប់ស្កាត់ មិនឲ្យជំងឺកូវីដ១៩ រីករាលដាលនៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
បើតាមលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ស្រុកកំចាយមារគិតត្រឹមពាក់កណ្តាល ខែឧសភានេះ ស្រុកមានអ្នកកើត ជំងឺកូវីដ១៩ ចំនួន៩នាក់ ស្រី៨នាក់ ដែលឆ្លងតាមរយៈកម្មករកម្មការិនី រោងចក្រកាត់ដេរ មកពីរាជធានីភ្នំពេញ។ ក្រោយពីសម្រាកព្យាបាលអ្នកជំងឺ បានជាសះស្បើយចំនួន ៥នាក់ និងបានឲ្យធ្វើចត្តាឡីស័ក បន្តរយៈពេល១៤ថ្ងៃបន្តទៀត។
លោក សឿង សុជាតិ បានបន្តថា ដើម្បីបង្កា និងទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ លោក ស្តើង សុខុម បានរៀបចំមណ្ឌលចត្តាឡីស័ក តាមសាលារៀនគ្រប់ឃុំទាំង៨ ក្នុងស្រុកកំចាយមារ។ លោក សឿង សុជាតិ បានឲ្យដឹងទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកឲ្យមានការចរាចរណ៍ ឆ្លងខេត្តឡើងវិញ មានប្រជាពលរដ្ឋវិលមកស្រុកកំណើតវិញជាបន្តបន្ទាប់ ហើយស្រុកបានយកមកធ្វើចត្តាឡីស័ក ជារឿងរាល់ថ្ងៃសរុបចំនួន១,៦៩៩នាក់ ស្រី៧៧៨នាក់ និងមកពីក្រៅប្រទេសចំនួន ៤០៣នាក់ ស្រី៦៥នាក់។
លោក ស្តើង សុខុម បានលើកឡើងផងដែរ ពាក់ព័ន្ធសភាពការណ៍វិវត្តន៍ នៃជំងឺកូវីដ១៩ថា កន្លងមកដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅនឹងការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅខេត្តកណ្តាល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ការបិទខ្ទប់រយៈពេល ១៤ថ្ងៃនេះ បានជួយកាត់ផ្តាច់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ និងល្បឿនលឿន នៃជំងឺនេះក្នុង សហគមន៍ក្នុងភូមិសាស្ត្របិទខ្ទប់ ព្រមទាំងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺនេះ ទៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេស ជាពិសេសបានបង្កលក្ខណៈដល់អាជ្ញាធរមានសមត្ថកិច្ចអាច ខ្ចប់ការឆ្លងរាលដាលនៃជំងឺនេះ ឲ្យស្ថិតនៅដាច់ដោយដុំៗ ទៅតាមភូមិសាស្ត្រនីមួយៗ។
ផ្អែកលើស្ថានភាពថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្ត្រខាងលើនេះ រយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយបានធ្វើការបែងចែកភូមិសាស្ត្របិទខ្ទប់ជា ៣ ក្នុងនោះរួមមាន «តំបន់ក្រហម» សម្រាប់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ «តំបន់លឿងទុំ» សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង «តំបន់លឿង» សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។
មកដល់ពេលនេះស្ថានៅភាពកូវីដ១៩ វាហាក់ដូចជាមានភាពធូស្រាលបន្តិច ស្ថានភាពកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានដោយអត្រាឆ្លងមានការធ្លាក់ចុះ ជាបន្ដបន្ទាប់ ទោះបីថាយើងមិនអាចបិទបញ្ចប់នូវ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានតែយើងនឹងអាចកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាពលរដ្ឋរបស់យើង។
លោកក៏បានជម្រាបមន្រ្តីអាជ្ញាធរមូលដ្ឋានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឲ្យបាន ១៣លាននាក់។ ប៉ុន្តែការតម្រូវនេះត្រូវមានរយៈពេលហើយត្រូវមានវ៉ាក់សាំងឲ្យគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើងបន្ថែមទៀត។
ជាមួយគ្នានេះលោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានធ្វើការផ្តាំផ្ញើឲ្យមន្រ្តីមូលដ្ឋានស្រុកកំចាយមារ ត្រូវបន្តអនុវត្តន៍វិធាន «៣កុំ និង៣ការពារ» ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យបានម៉ត់ចត់ បើទោះបីថាខ្លួនបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ លោកក៏បានលើកទឹកចិត្តឲ្យមន្រ្តី នៅមូលដ្ឋានស្រុកកំចាយមារ បន្តចុះធ្វើការណែនាំ អប់រំ ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តន៍វិធានការណ៍សុខាភិបាល និងការរស់នៅស្អាត ធ្វើអនាម័យជុំវិញភូមិឋាន និងផ្ទះសម្បែង និងខិតខំបង្កបង្កើនផលកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ។
នៅក្នុងឱកាសនោះ លោក ស្តើង សុខុម ក៏បានពាំនាំនូវអំណោយឧបត្ថម្ភ ជាស្បៀងអាហារ និងថវិកា របស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ដែលរួមអង្ករ ចំនួន៥តោន, ត្រីខ ៣២កេស, ម៉ាស់ ៣កេស, អាកុល ៣កាន, កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ ១គ្រឿង និងថវិកាមួយចំនួន ជូនដល់រដ្ឋបាលស្រុកកំចាយមារ ធ្វើការបែងចែកទៅតាមមូលដ្ឋាន ឃុំទាំង៨ និង កងកម្លាំង មាននគរបាល ទាហាន អាវុធហត្ថ ស្រុក មន្ទីរពេទ្យបង្អែក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីបម្រើឲ្យការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានស្រុកកំចាយមារ៕