(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួល។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន និងឆាប់រហ័ស សម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឱ្យមានភាពស៊ាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ក្នុងនោះ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖