(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការចាំបាច់បំផុតដែលមាន «៣កុំ និង៣ការពារ» ក្រៅពីការចូលរួមស្គែនខ្យូអរកូដ និងចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការទប់ស្កាត់នៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ និងដើម្បីឈានទៅបញ្ចប់ឱ្យបាន (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។

តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក្នុងការអំពាវនាវបែបនេះ របស់លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ បានធ្វើឡើងក្នុងពេលលោកដឹកនាំក្រុមការងារបន្តពាំនាំយកនូវស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីរស់នៅតាមបន្ទប់ជួលក្នុងតំបន់បិទខ្ទប់ «តំបន់ក្រហម» ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ក្រៅពីការចែកស្បៀងអាហារ លោក ស៊ូ សោគន្ធ បានបន្តជំរុញឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមមាន៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម-គម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ)។

លោកអភិបាលរងខណ្ឌឫស្សីកែវ បន្តថា វិធានការ «៣កុំ»គឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ហើយរកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា, កុំចាប់ដៃគ្នា, កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម បើផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ ដាច់ខាតកុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗ៕