(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនដល់កងកម្លាំង ចំនួន៤ប៉ុស្ដិ៍ គឺប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស, ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង, ប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃ។

ការនាំអំណោយមកប្រគល់ជូនដល់កងកម្លាំងនរគបាលនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីទឹកចិត្ត គោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ថ្នាក់ដឹកនាំចំពោះកងកម្លាំងតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលកំពុងជាប់ដៃបំពេញតួនាទី ភារកិច្ចល្បាត និងប្រចាំការនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ ជាពិសេសការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩។

ក្នុងឱកាសនេះដែរលោកអធិការខណ្ឌ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងពិតជារីករាយណាស់ចំពោះអំណោយដ៏ថ្លៃថ្លានេះ ព្រោះអំណោយនេះនឹងជួយដល់កងកម្លាំងរបស់យើងបានដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈ»។

បន្ថែមលើនេះ លោកអធិការក៏បាននាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកឧត្ដមសេនីយ៍ឯក ស ថេត ដល់កងកម្លាំងទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ថែររក្សាអនាម័យផ្ទាល់ខ្លួន ដោយត្រូវពាក់ម៉ាស និងបាញ់អាកុល ឬជែលលាងដៃជាប្រចាំ ដើម្បីកុំឱ្យមានការឆ្លងទៅវិញទៅមក។

អំណោយទាំងនោះក្នុងមួយប៉ុស្តិ៍ទទួលបាន៖ អង្ករ១២៥គីឡូក្រាម, មី ៥កេស, ទឹកស៉ីអ៉ីវ ៥យួរ, ទឹកសុទ្ធ៥កេស, ទឹកក្រូច៥កេស, សារ៉ុងម្នាក់មួយ, ម៉ាស ៥ប្រអប់, ថ្នាំការពារជំងឺកូវីដ១៩ ចំនួន៥ប្រអប់ និងថវិកាមួយប៉ុស្ដិ៍ចំនួន៣០ម៉ឺនរៀល។

ក្នុងនោះដែរ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ បានជួយឧបត្ថម្ភនូវអង្ករ និងថវិកាមួយចំនួនបន្ថែមទៀត ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកផងដែរ៕