(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវចំនួន៩ចំណុច ជូនជនរួមជាតិនាឱកាសនៃការប្រាព្ធ ទិវាអន្តរជាតិខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា ឆ្នាំ២០២១ ដែលធ្វើឡើងក្រោមប្រធានបទ «កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់តួនាទីគ្រួសារ»

សារអំពាវនាវទាំង០៩ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិរួមមាន៖

ទី១៖ គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់យើង ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួន តាមរយៈការផ្តល់ការអប់រំ រៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅដល់ការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយភាពរឹងមាំ សេចក្តីថ្លៃថ្នូរ និងស័ក្តិសិទ្ធិភាព ដើម្បីបន្តធានាដឹកនាំគ្រួសារ ដែលជាកោសិកាសង្គមឱ្យមានភាពរុងរឿង ថ្កុំថ្កើង និងសុភមង្គល និងបន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពត្រសុំត្រសាយឡើង នៅក្នុងឆាកជាតិ និងអន្តរជាតិ។

ទី២៖ បន្តពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាសុខុមាលភាព ជីវភាពប្រក្រតីរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទី៣៖ មាតា បិតា អាណាព្យាបាលត្រូវអប់រំ ណែនាំកូនចៅកុំទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងត្រូវថែរក្សាសុខភាព អនាម័យ លាងដៃនឹងទឹកសាប៊ូ ឱ្យបានញឹកញាប់តាមការណែនាំស្តីពី ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសបន្តអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ជាប្រចាំ។

ទី៤៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិ គាំពារសង្គម២០១៦-២០២៥ តាមរយៈការពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិកាន់តែល្អប្រសើរជូនគ្រួសារ ក្នុងការកសាងជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមការអភិវឌ្ឍសង្គមជាតិ ជាពិសេសការអនុវត្តបន្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូដ-១៩ ការបង្កើតឱ្យមានកម្មវិធីការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការសិក្សាបង្កើតនូវគោលនយោបាយជាតិគាំពារសង្គម និងការរៀបចំឱ្យមានការផ្តល់របបគោលនយោបាយគ្រួសារក្រីក្រ នៅតាមសហគមន៍តាមរយៈការអនុវត្តប័ណ្ណសមធម៌ក្រីក្រទាំង២កម្រិត ជាលក្ខណៈកម្មវិធីកញ្ចប់គ្រួសារ ដែលរាជរដ្ឋាភិបាលកំពុង អនុវត្តនាពេលបច្ចុប្បន្ន ការរៀបចំកម្មវិធីគ្រួសារគម្រូនៅតាមសហគមន៍ និងរៀបចំឱ្យមានការចុះសួរសុខទុកគ្រួសារគម្រូ និងគ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ នៅតាមសហគមន៍តាមគន្លងថ្មី។

ទី៥៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគមទូរទស្សន៍រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងតាមទូរទស្សន៍សាធារណៈផ្សេងៗ ពីតួនាទី និងគុណតម្លៃគ្រួសារ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ ដោយរៀបចំការណែនាំស្តីពី ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត ក្នុងការរៀបចំជាបដាផ្សព្វផ្សាយ ឬសកម្មភាពតាមគន្លងថ្មី នៅតាមអង្គភាពក្រោមឱវាទ។

ទី៦៖ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការរៀបចំឱ្យបានទូលំទូលាយ និងផុសផុល ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាពិសេសជំរុញដល់ការអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម។

ទី៧៖ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពកម្មវិធីអភិវឌ្ឍន៍គ្រួសារទាំងថវិកា និងធនធានមនុស្ស ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញចលនាលើកកម្ពស់ ដល់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ ឱ្យកាន់តែខ្លាំងក្លាថែមទៀតតាមគ្រប់រូបភាព។

ទី៨៖ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតា បិតា មាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់លទ្ធភាពក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយ ត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាមប្រកបដោយស្មារតីខ្ពស់ ដូចទស្សនលើកឡើងថា «មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាល សម្រាប់ក្មេងជំនាន់ក្រោយ»។

ទី៩៖ គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនសូមជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីតួនាទីរបស់មាតាបិតា ក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅ ចំពោះមាតាបិតាព្រមទាំងផ្សព្វផ្សាយ អំពីការអប់រំទូន្មានកូនចៅឱ្យចាកឆ្ងាយពីអំពើនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជាការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារជំងឺអេដស៍ ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើអបាយមុខផ្សេងៗ ពិសេសតួនាទីរបស់គ្រួសារក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាបរិបទថ្មីមួយត្រូវមានការយកចិត្តទុកដាក់ និងរួមសាមគ្គីគ្នាក្នុងកម្លាំងមហាគ្រួសារខ្មែរ ក្រោមដំបូលនៃសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាល៕