(ព្រៃវែង)៖ លោក អាំង សិរីពិសិដ្ឋ សមាជិកគណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ តំណាងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី កែ សួនសុភី បានចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងបានធ្វីចត្តាឡីស័ក ចំនួន៥០គ្រួសារ នៅតាមមណ្ឌល ២កន្លែង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

ខណៈចុះដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយរបស់លោក ស សុខា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា «សូមបងប្អូនរួមគ្នាអត់ធ្មត់ យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»

ជាមួយគ្នានេះ លោកក៏បានស្នើដល់ប្រជាពលរដ្ឋដែលបាន និងកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលទាំង២ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ព្រមទាំងថែរក្សាអនាម័យបានខ្ជាប់ខ្ជួន និងថែសុខភាពឲ្យបានមាំទាំ ត្រូវអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ឲ្យបានខ្ចាប់ខ្ជួន ដើម្បីកុំឲ្យមាននរណាឆ្លងជំងឺកូវីដ១៩ សូមឲ្យគ្រួសាររស់នៅដោយសុខដុមរម្យនាពីពេលហ្នឹងតទៅ។

លោក អាំង សិរីពិសិដ្ឋ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា ដែលជានិច្ចកាល លោកតែងគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ យុវវ័យ ខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៉ីអ៉ីវ១យួ និងម៉ាស់ ជាមួយគ្នានេះផងដែរ។

ដោយឡែកសម្រាប់មណ្ឌលចត្តាឡីស័កចំនួនពីរមណ្ឌលនោះ លោកបានប្រគល់ ទឹកអាល់កុល ១កាន ទឹកសុទ្ធ ១០កេស និងម៉ាស់ចំនួន ១០ប្រអប់ សម្រាប់ប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះផងដែរ លោកប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ ក៏នាំអំណោយរបស់លោក ស សុខា និងលោកស្រី ជូនដល់វត្តសុទ្ធិមត្តារាម (បឹងកក់ ពោធិ៍ពីរ) រួមមាន អង្ករ ២០០គីឡូ, ទឹកត្រី ១០យួរ, ទឹកស៊ីអ៉ីវ ១០យួរ, ត្រីខកំប៉ុង ២កេស, ស្ករស ២០គីឡូ, អំបិល ២០គីឡូ ឆៃប៉ូវ ២០គីឡូ, ពងទាប្រៃ ៥០គ្រាប់, សៀង ៤កាន, ប៊ីចេង ១០កញ្ចប់, មីម៉ាៗ ២កេសធំ, ទឹកសុទ្ឋ ៥កេស, ទឹកក្រូច ៥កេស, ទឹកស៊ីរ៉ូ ១កេស និងបច្ច័យ ៨០ម៉ឺនរៀលផងដែរ៕