(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្តបាត់ដំបង និងលោក នូវ សុខភាព អនុប្រធាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយជាអង្ករចំនួន១៥តោន ពីលោក ប៊ុន រិទ្ធ តំណាងក្រុមហ៊ុនសំបកកង់ឡាន អូស្តុនកម្ពុជា ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស រដ្ឋា បានថ្លែងអំណរគុណ លោក ប៊ុន រិទ្ធ តំណាងក្រុមហ៊ុនសំបកកង់ឡាន អូស្តុនកម្ពុជា ចំពោះកាយវិការដ៏ថ្លៃថ្លា ប្រកបដោយទឹកចិត្តសប្បុរស ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ សម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកបានបញ្ជាក់ទៀតថា អំណោយដែលបានផ្ដល់ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការ ផ្សព្វផ្សាយ អប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនោះ លោកប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនលោកតំណាងក្រុមហ៊ុនផងដែរ៕