(ភ្នំពេញ)៖ សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បាននិមន្តប្រគេនទេយ្យទានដល់ព្រះសង្ឃ និងកងកម្លាំងនគរបាល អាវុធហត្ថ និងកម្លាំងសណ្តាប់ធ្នាប់ជាង៣២៤អង្គ/នាក់ នៅខណ្ឌព្រែកព្នៅ។

ពិធីប្រគេនទេយ្យទាន និងចែកអំណោយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា សរុបអស់ថវិកាចំនួន ១៤,៦៥៩ដុល្លារ។

សម្រាប់ទេយ្យទាន បច្ច័យ និងអំណោយដែលសម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រមទាំងពុទ្ធបរិស័ទ នាំយកមកប្រគេនដល់ព្រះសង្ឃ និងកងកម្លាំងនគរបាល កម្លាំងវុធហត្ថ និងកម្លាំងសណ្តាប់ធ្នាប់ នាពេលនេះរួមមាន៖ ក្នុង១អង្គ/នាក់ ទទួលបានទេយ្យទានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១ឡូ, ទឹកត្រី១យួរ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។

នាឱកាសនោះដែរ សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក បានសង្ឃដីកាថា សម្រាប់ទេយ្យវត្ថុមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួននេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឱ្យគណៈកម្មការគ្រប់គ្រងវត្ត មានឱកាសបានចូលសហការបរិច្ចាគនូវវប្បធម៌ចែករំលែកទាំងនេះ ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឱ្យកាន់តែមានភាពរីកចម្រើនលូត លាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសយើង ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ។

សម្តេចព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក បានមានសង្ឃដីកាបន្តថា ជាពិសេសដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ជាដើម និងសូមប្រជាពលរដ្ឋកុំភ្លេចខ្លួនអំពីបញ្ហានូវការរាលដាលនៃជម្ងឺកូវីដ-១៩ ដែលពិភពលោកកំពុងជួបប្រទះ ដោយត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ទើបយើងអាចយកឈ្នះមិនថាជំងឺកូវីដ-១៩ ឬក៏ជំងឺផ្សេងៗដែលព្យាយាមតាមយាយីយើងបានឡើយ។

លោកឧកញ៉ា ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា បានថ្លែងថា ដោយសារជំងឺកូវីដ-១៩ កំពុងញាំញីធ្វើឱ្យស្ថានភាពមានការប្រែប្រួលស្ទើលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរងផលប៉ះពាល់ជាអវិជ្ជមាន ដោយជួបការខ្វះចង្ហាន់ផងដែរ។ ដោយមើលឃើញពីផលលំបាករបស់ព្រះសង្ឃនៅតាមទីអារាមបែបនេះហើយ ទើបលោក និងភរិយានាំយកទេយ្យទាន និងបច្ច័យមកប្រគេនដល់ព្រះសង្ឃ ព្រមទាំងកងកម្លាំងដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ៕