(ភ្នំពេញ)៖ រយៈពេល១៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៦៨ម៉ឺននាក់ ខណៈការចាក់ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះតទៅហើយ។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី១៥ ខែឧសភា ម្សិលមិញ ក្រុមការងារចាក់បាន ២៦,៤២៩នាក់ ស្រី ១៤,៣៩៧នាក់។ សរុប១៥ថ្ងៃចាក់បានចំនួន ៦៧៩,៣៨២នាក់ ស្រី ៣៦៧,៣១៥នាក់។

ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១៤០,៥៥៣នាក់ ខណ្ឌដង្កោ ចាក់បាន ១៣០,៦៥៣នាក់ ខណ្ឌកំបូល ចាក់បាន ១០៤,១៥២នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ២៣៤,១២៨នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ៤៦,៧៣៦នាក់ និងខណ្ឌទួលគោក ចាក់បាន ២៣,១៦០នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានគូសបញ្ជាក់ថា ចំនួនអ្នកចាក់វ៉ាក់សាំងនៅថ្ងៃទី១៥ ខែឧសភា ចាក់បានត្រឹមជាង ២ម៉ឺន ៦ពាន់នេះ ដែលជាចំនួនតិចជាងថ្ងៃកន្លងទៅនេះ ដោយនៅថ្ងៃម្សិលមិញក្រុមការងារចាក់វ៉ាក់សាំង ជាប់រវល់រៀបចំផែនការ និងត្រៀមលក្ខណៈសម្បត្តិសម្រាប់ចាក់វ៉ាក់សាំងដូសទី២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភានេះ។ មួយវិញទៀត ចំនួនពលរដ្ឋដែលត្រូវចាក់ដូសទី១ នៅក្នុងខណ្ឌទាំង៦នេះ ក៏បានជិតអស់ផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឱ្យដឹងផងដែរថា ដំណើឹរការនៃការចាក់វ៉ាក់សាំងដូសទី២ នៅក្នុងតំបន់ក្រហមនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភានេះហើយ។

ជាមួយនឹងដំណើរការចាក់វ៉ាក់សាំងដូសទី២នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ពិនិត្យពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូសទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ១៩។

ជាមួយគ្នានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។

ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។

លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត។ ដោយឡែកអ្នកដែលទទួលបានបណ្ណចាក់វ៉ាក់សាំងហើយ ក៏ត្រូវចេះថែរក្សាកុំឱ្យបាត់បង់ ព្រោះអាចមានភាពចាំបាច់ប្រើប្រាស់ទៅថ្ងៃខាងមុខ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ នៅឡើយនោះទៅចូលរួមចាក់វ៉ាក់សាំង ព្រោះក្រុមការងារនៅតែបន្តចាក់ដូសទី១ជូន ហើយសូមចូលរួមអនុវត្តន៍ឱ្យបានល្អប្រសើរតាមវិធានសុខាភិបាលនៅពេលទៅចាក់វ៉ាក់សាំង៕