(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៅរាជធានីភ្នំពេញ បានឈានដល់ការចាក់វ៉ាក់សាំងដូសទី២ហើយ។ ការចាក់វ៉ាក់សាំងដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែឧសភា នេះតទៅ។

ការចាក់វ៉ាក់សាំងដូសទី១ ដោយក្រុមការងារចាក់វ៉ាក់សាំងរបស់កងទ័ព រយៈពេលពីរសប្តាហ៍កន្លងទៅ ត្រូវបានមើលឃើញថា ប្រព្រឹត្តទៅបានល្អប្រសើរ និងមានល្បឿនលឿនផងដែរ។ សម្រាប់ការចាក់ដូសទី២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម នៅតែចង់ឃើញដំណើរការចាក់វ៉ាក់សាំងនេះប្រព្រឹត្តដោយល្អប្រសើរ និងជោគជ័យតាមការគ្រោងទុក្ខ។

នៅថ្ងៃទី១៥ ខែឧសភា លោក ឥត សារ៉ាត់ ក្នុងនាមជាអ្នកដឹកនាំប្រតិបត្តិលើការងារនេះ បានបើកកិច្ចប្រជុំមួយជាប្រធានអង្គភាព ដែលគ្រប់គ្រងលើការងារចាក់វ៉ាក់សាំងនេះ។ លោក ឥត សារ៉ាត់ បានក្រើនរំលឹក និងដាស់តឿន ដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ និងពិនិត្យពិច័យឱ្យល្អិតល្អន់ក្នុងការចាក់នេះ។ ជាពិសេសផ្ទៀងផ្ទាល់ការបរិច្ឆេទចាក់ដូសទី១ និងដូសទី២ ត្រូវឱ្យគ្រប់ ១៤ថ្ងៃ, ពិនិត្យឱ្យច្បាស់ប្រភេទវ៉ាក់សាំងដែលចាក់ដូសទី១ និងចាក់ឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ដើម្បីធានានូវប្រសិទ្ធភាពវ៉ាក់សាំងសម្រាប់អ្នកបានចាក់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបង្ហាញពីឯកសារ និងលក្ខខណ្ឌមួយចំនួន សម្រាប់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកទៅជាមួយ និងអនុវត្តឱ្យបានផងដែរ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១ មកជាមួយ ដើម្បីផ្ទៀងផ្ទាត់, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។

ជាមួយការចាក់ដូសទី២នេះ ក៏នឹងត្រូវផ្តល់បណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលបានចាក់គ្រប់ពីរដូសផងដែរ។ តែដោយសារការផលិតបណ្ណចាក់វ៉ាក់សាំងមិនទាន់ ដូច្នេះលោក ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយមិនទាន់ទទួលបាន ត្រូវរក្សាទម្រង់លិខិតចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ពីក្រុមការងារចាក់វ៉ាក់សាំង។

ដោយឡែកអ្នកដែលទទួលបានបណ្ណចាក់វ៉ាក់សាំងហើយ ក៏ត្រូវចេះថែរក្សាកុំឱ្យបាត់បង់ ព្រោះអាចមានភាពចាំបាច់ប្រើប្រាស់ទៅថ្ងៃខាងមុខ។

សូមបញ្ជាក់ថា យុទ្ធនការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែឧសភា នៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ ដង្កោ កំបូល មានជ័យ ឫស្សីកែវ និងទួលគោក។ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ការចាក់វ៉ាក់សាំងដូស១ ចាក់ជូនប្រជាពលរដ្ឋបានជិត ៦៨ម៉ឺនដូស។

ចំនួនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហមនេះមានចំនួនលើសពី ៩០ម៉ឺននាក់។ ដូច្នេះការចាក់ដូសទី១ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ ក៏មិនទាន់អស់ផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់ចាក់នេះ គឺមាននៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ បើទោះបីមានការចាប់ផ្តើមចាក់ដូសទី២ តែការចាក់ដូសទី១ ក៏នៅតែដំណើរផងដែរ។

លោក ឥត សារ៉ាត់ បានអំពាវនាវប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលមិនទាន់បានចាក់វ៉ាក់សាំង សុំអញ្ជើញទៅចាក់វ៉ាក់សាំង។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្រោមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើមិនទាន់អស់ប្រជាពលរដ្ឋ គឺមិនដកថយនោះឡើយ។

បើទោះបីជាយ៉ាងណា លោក ឥត សារ៉ាត់ សុំអំពាវនាវកុំឱ្យមានការចល័ត ឬនាំប្រជាពលរដ្ឋក្រៅតំបន់ក្រហមទៅចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម ព្រោះវាជាហានិភ័យមួយក្នុងការឆ្លងជំងឺកូវីដ១៩។

លោកសូមឱ្យប្រជាពលរដ្ឋនៅក្រៅតំបន់ក្រហម រង់ចាំបន្តិច គឺរាជរដ្ឋាភិបាល នឹងចាក់ជូនគ្រប់គ្នា៕