(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញនោះ បានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។

វ៉ាក់សាំងកូវីដ១៩ ត្រូវបានគេមើលឃើញថា ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។
ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច៕