(ភ្នំពេញ)៖ មេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិនចំនួន៣នាក់ ក្នុងករណី២ផ្សេងគ្នា ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសគ្រឿងញៀនបានសរុបជិត៨០គីឡូក្រាម ដែលពួកគេបម្រុងនាំឆ្លងដែនកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។ នេះបើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានអះអាងថា ករណីទី១៖ ប្រតិបត្តិការនេះ គឺបានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

រហូតដល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ចូលរួមសហការពីកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងជំនាញឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់ ទី១៖ឈ្មោះ LIU JIC អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ CHAN HUNG FAI អាយុ៥៨ឆ្នាំ ក្នុងនោះចាប់យកវត្ថុតាង សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៥២.៧៦៨គីឡូក្រាម, ហេរ៉ូអ៊ីន ចំនួន៤៩ដុំ ស្មើទម្ងន់១៧.២៩២គីឡូក្រាម, មេតំហ្វេតាមីន (ICE) ១១.៧៩ក្រាម សរុបចាប់យកវត្ថុតាងគ្រឿងញៀន សរុប៧០.០៧២គីឡូក្រាម។

ដោយឡែក ករណីទី២៖ បង្ក្រាបបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១៖៣៥នាទី ដោយកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យក៥ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ។

ជាលទ្ធផល ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០១នាក់ ឈ្មោះ ហ្វាន អ៊ី(FAN YI) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានរួមមាន អ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៧១.៧៧ក្រាម (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ), កេតាមីន (Ketamine) ទម្ងន់ ៥.៥៧៨គីឡូក្រាម, មេតំហ្វេតាមីន (ICE) ៩៣.១៩ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀនសរុប៦.៦៤៣គីឡូក្រាម។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន និងបើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។ ខណៈមេក្លោងឧក្រិដ្ឋនជនទាំង៣នាក់នេះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕