(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា រដ្ឋបាលនៅតែបន្តយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតក្នុងតំបន់បិទខ្ទប់បណ្ដោះអាសន្ន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការបញ្ជាក់របស់អភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីពាក់ព័ន្ធនាំយកស្បៀងអាហារមកចែកជូនប្រជាពលរដ្ឋ នៅតាមតំបន់បិទខ្ទប់បណ្ដោះអាសន្ន ចំនួន១២៤៤គ្រួសារ ក្នុងការទប់ស្កាត់ និងកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ទូទាំងសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងសកម្មភាពសមធម៌ជាបន្តបន្ទាប់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ជា ពិសី បានឆ្លៀតឱកាសអំពាវនាវឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបន្តស្រាវជ្រាវរិះរកគ្រប់មធ្យោបាយ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់និងអត់ស្បៀងអាហារ ឬអត់បាយ ដោយមិនបានដឹងពីមូលហេតុនោះទេ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ហើយបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ លោក ជា ពិសី បានអំពាវនាវប្រជាពលរដ្ឋធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា សម្រាប់ស្បៀងអាហារជាគ្រឿងឧបភោគ បរិភោគ ដែលប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ទូទាំង ៧សង្កាត់ នៃមូលរដ្ឋានខណ្ឌឫស្សីកែវ ចំនួន១២៤៤គ្រួសារ ទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, និងត្រីខ ១០កំប៉ុង៕