(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីសម្រេចស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបញ្ចប់នូវិវធានការរដ្ឋបាលមួយចំនួននៅក្នុងសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីសម្រេចដដែល បានឱ្យដឹងថា បន្តការអនុវត្តវិធានការហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សដែលបណ្តាលឱ្យមានការឆ្លងជំងកូវីដ១៩ នៅក្នុងភូមិសាស្រ្តសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង ដែលមានថិរវេលាអនុវត្តពេល០៧ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ ការអនុវត្តវិធានការហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សដែលបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ១៩ ត្រូវបាន លើកលែងតែចំពោះករណីដូចខាងក្រោម៖

* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសព ដោយគោរពតាមគោលការណ៍កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
* ការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
* ការជួបជុំមនុស្ស ដើម្បីផ្តល់ជំនួយចាំបាច់នានាដល់ជនងាយរងគ្រោះ ឬជូនជនរងគ្រោះ
* ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬសាលាជម្រះក្តី
* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
* ការជួបជុំក្នុងការបំពេញការងាររបស់បុគ្គលិក កម្មករនិយោជិត និងនិយោជក នៅតាមបណ្តាក្រុមហ៊ុនរោងចក្រ សហគ្រាសនានា ដែលនៅដំណើរការធម្មតា
* ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលស្វាយរៀងដដែល បានបញ្ជាក់ថា ព្រមទាំងបន្តបិទខ្ទប់រាល់ការធ្វើដំណើរចេញ-ចូល ក្នុងក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូ GOOD LUCK ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត នៃក្រុងបាវិត រយៈពេល ០១សប្តាហ៍ ចាប់ពីវេលាម៉ោង សូន្យនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លើកលែងការធ្វើដំណើរ ដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់សេវាសាធារណៈចាំបាច់ និងបន្ទាន់ ឬសេវាដឹកជញ្ជូនទំនិញ ស្បៀងគ្រឿងឧបភោគបរិភោគ និងករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

អំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់បុគ្គលគ្រប់រូបមានកាតព្វកិច្ចអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

និងការបញ្ចប់ការបិទខ្ទប់ក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖