(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ចំនួន១៦នាក់ ចូលរួមផ្លាស់វេនក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែករមាសហែក ដែលកំពុងព្យាបាល ក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក្រុងបាវិត ត្រូវបញ្ចប់ភារកិច្ច ១៤ថ្ងៃនៅថ្ងៃនេះ។

ការផ្លាស់ប្តូរវេនក្រុមគ្រូពេទ្យនេះ មានការចូលរួមពីលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត លោកវេជ្ជបណ្ឌិត ជ័យ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែករមាសហែក លោកវេជ្ជបណ្ឌិតអន សុភីអនុប្រធានមន្ទីរពេទ្យខេត្តស្វាយរៀងនិងលោកវេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកជីភូ និងលោកវេជ្ជបណ្ឌិត អុឹម បុត្រ ប្រធានផ្នែកចត្តាឡីស័កផងដែរ។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា នៅក្រុងបាវិត មានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ មួយកន្លែងមានឈ្មោះថា មណ្ឌលព្យាបាលកូវីដ១៩ ក្រុងបាវិត។ ចំពោះក្រុមគ្រូពេទ្យព្យាបាល នៅក្នុងមណ្ឌលព្យាបាលនេះ មន្ទីរសុខាភិបាលបានចល័ត ពីមន្ទីរពេទ្យផ្សេងៗ ក្នុងខេត្តមកជួយដោយប្តូរវេនវិលជុំ ១៤ថ្ងៃម្តង។ ជាក់ស្ដែងថ្ងែនេះក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចូលក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែកចេញ។ ប៉ុន្តែក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែក ត្រូវបន្តចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត ទើបអនុញ្ញាតឱ្យទៅផ្ទះជួបជុំគ្រួសារដោយថ្ងៃនេះជាវេនទី ៤ហើយ ដែលវេនទី១ ទី២ គឺមន្ទីរពេទ្យបង្អែកជីភូ និងមន្ទីរពេទ្យបង្អែកស្វាយទាប។

លោកបណ្ឌិត កែរ រដ្ឋា បានបន្ថែមថា បច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលកូវីដ១៩ ចំនួន២ និងមណ្ឌលព្យាបាលកូវីដ១៩ ក្រុងបាវិត១។ កន្លងមកការផ្ទុះជំងឺកូវីដ១៩ ភាគច្រើននៅទីក្រុងបាវិត គឺដោយសារការមិនគោរពនូវវិធានការសុខាភិបាល ប៉ុន្តែ ស្ថានការណ៍បានធូរស្រាលឡើងវិញ ដោយសារមានការគ្រប់គ្រងល្អ និងបញ្ជាផ្ទាល់ពីលោកអភិបាលខេត្តដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ហើយនិងការចង្អុលបង្ហាញនិង អនុសាសន៍ល្អៗ ពីសំណាក់លោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រហូតដល់ថ្ងៃទី១៦ ខែឧសភានេះ មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប៣៩៤នាក់ ស្រី១៦១នាក់ (ជនជាតិខ្មែរ ៣៥៦នាក់, ជនជាតិបរទេស៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប ៣០៩នាក់ ស្រី១២៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជាជនជាតិខ្មែរ។

ក្នុងឱកាសផ្លាស់ប្ដូរវេនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩នេះ លោកបណ្ឌិត កែរ រដ្ឋា បានឧបត្ថម្ភទឹកដោះឆៅ២០ឡូ និងទឹកសុទ្ធ ២០កេស ជូនក្រុមគ្រូពេទ្យទាំង២ក្រុម និងឧបត្ថម្ភសមត្ថកិច្ចចំនួន ៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល៕