(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្នាក់នៅតាមបន្ទប់ជួល ចំនួន២១៨គ្រួសារ បានទទួលអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអំណោយរបស់សប្បុរសជន ក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក រស់ សុភក្តិ អភិបាលរងខណ្ឌ។

សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចតេជោ និងអំណោយរបស់សប្បុរសជនចែកជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងសង្កាត់២ ផ្សេងគ្នារួមមានសង្កាត់និរោធ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នករស់នៅតាមបន្ទប់ជួល ចំនួន ៩៨គ្រួសារ។

ចំណែកសង្កាត់ច្បារអំពៅទី១ ក្រោមវត្តមានលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បាននាំយកអំណោយរបស់សប្បុរសជនមានឈ្មោះលោក សុខ ពៅ និងលោកស្រី ឃុន លី ចែកជូនប្រជាពលរដ្ឋ ចំនួន១២០គ្រួសារ មកពី៣ភូមិ រួមមានភូមិដើមអំពិល ភូមិព្រែក និងភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ក្នុងពិធីនេះដែរ ក្រុមការងារបានសំណេះសំណាល និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។ ជំងឺកូវីដ១៩នេះ ជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំងឺវីដ១៩ គ្មានសាច់ញាតិ បងប្អូនណាអាចទៅចូលរួមចំអាសទឹក ឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជារួចហើយយកធាតុមួយកញ្ចប់មកប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញ់ថា មកដល់ពេលនេះប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេសជាង ១០០នាក់ហើយ ដូច្នេះ ដើម្បីជៀសផុតពីជំងឺកាចសាហាវនេះ បានសូមប្រជាពលរដ្ឋដែលរស់នៅតំបន់បន្ទប់ជួល និងកំពុងធ្វើចក្តាឡីស័ក ត្រូវមានអនាម័យ អនុវត្តឱ្យខ្ជាប់ខ្ជួននូវវីធានការ «៣ការពារ និង៣កុំ» និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរស់នៅតាមបន្ទប់ជួលក្នុងភូមិបឹងឈូក សង្កាត់និរោធ ចំនួន ៩៨គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអំណោយសម្តេចតេជោ នូវអង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៉ីអ៉ីវ១យួរ។

សម្រាប់អំណោយរបស់សប្បុរសជន ដែលជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរស់នៅតាមបន្ទប់ជួល ចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ច្បារអំពៅទី១ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរស្កសរ អំបិល ប៊ីចេង ខ្ទឹមសរ និងប្រេងឆា៕