(ព្រះសីហនុ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តព្រះសីហនុ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប បានចូលរួមអនុវត្តន៍គម្រោង នៃការស្តារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤ ប្រវែង ៦,៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ចន្លោះពីគីឡូម៉ែត្រ២១៦-០០ ដល់គីឡូម៉ែត្រលេខ២២២-៧០០ ដែលជាគម្រោងដ៏មានអាទិភាព និងសក្តានុពល របស់រាជរដ្ឋាភិបាល ក្នុងខេត្តព្រះសីហនុ។

កំណាត់ផ្លូវប្រវែង៦៧០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលត្រូវបានស្ដារ និងស្ថាបនាឡើងវិញនេះ ជាកំណាត់ផ្លូវដ៏មមាញឹកកកស្ទះចរាចរណ៍ស្ទើរគ្រប់ពេលវេលា។ ពិសេសការធ្វើចរាចរណ៍ដោយរថយន្តកុងតឺន័រ រថយន្តដឹក ជញ្ជូនធន់ធ្ងន់ ប្រជាពលរដ្ឋរស់នៅច្រើនកុះករ មានសាលារៀន រោងចក្រ សហគ្រាស និងជាមាត់ច្រកចេញចូលយ៉ាងកកកុញ នៃតំបន់កំពុងផែមាត់សមុទ្រ របស់ព្រះរាជាណាចក្រកម្ពុជា។

ជាកំណាត់ផ្លូវមួយ ដែលស្ថាបនាឡើងកាលពីសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចរបស់ព្រះករុណាព្រះបរមរតន កោដ្ឋ មានទទឹងមិនដល់ ១០ម៉ែត្រ កសាងក្រោមការជួយគាំទ្រពីរដ្ឋាភិបាលអាមេរិក។ បច្ចុប្បន្ននេះការស្តារ និងស្ថាបនាឡើងវិញ ត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ ២៩ម៉ែត្រ មានទ្រូងកណ្តាលចែកផ្លូវជាពីរ ដែលមានផ្លូវធ្វើចរាចរណ៍ នៃរថយន្តតូចធំ ៣គន្លងទៅ ៣កន្លងមក ផ្លូវម៉ូតូ ចញ្ចើមផ្លូវសម្រាប់ថ្មើរជើង។ ពិសេសទៅទៀតនោះ មានទីតាំងសម្រាប់បទក្រោយរបស់រថយន្តកុងតឺន័រ ឬរថយន្តសណ្តោង រ៉ឺម៉កចំនួន២កន្លែង ដែលមានទទឹងរហូតដល់៦០ម៉ែត្រ ពិសេសការស្ថាបនាផ្លូវធ្វើដំណើរថ្មើរជើង ឆ្លង ថ្នល់ក្រោមដីចំនួន ២កន្លែង មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

មួយកន្លែងស្ថិតនៅ ចំពីមុខវិទ្យាល័យហ៊ុនសែនឃ្លាំងលើនិងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ សម្រាប់ សិស្សានុសិស្ស និងកម្មករ កម្មការិនី ឆ្លងកាត់កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ។

ទាក់ទិនគម្រោងនៃការស្ថាបនាផ្លូវធ្វើដំណើរថ្មើរជើងឆ្លងថ្នល់ក្រោមដីទាំង២កន្លែងនោះ លោកឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប មានប្រសាសន៍យ៉ាងដូច្នេះថា ដោយបានការគាំទ្រពីរាជរដ្ឋាភិបាល ពិសេសការទទួលស្គាល់ពីស្នាដៃធំៗ របស់កងវិស្វកម្មសម្តេចតេ ជោ ហ៊ុន សែន សៀមរាប ក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានប្រគល់ភារកិច្ចជូនដល់ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ចូលរួមស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវ ស្ពាន ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមាត់សមុទ្រ ដ៏មានសក្តានុពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ របស់ប្រទេសកម្ពុជា។

លោកបន្តថា នេះគឺជាផ្នែកមួយនៃការទទួលខុសត្រូវខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការបម្រើមាគ៌ា និង គោលនយោបាយរបស់រាជរដ្ឋាភិបាល លើខឿនការពារជាតិមាតុភូមិ ពិសេសការចូលរួមស្តារនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក្នុងសម័យនៃសាកលភាវូបនីយកម្មដ៏ទំនើប នៃលោកយើងនេះ។

លើការអនុវត្តភារកិច្ចដែលជាឧត្តមប្រយោជន៍ជាតិមាតុភូមិ កងកម្លាំងវិស្វកម្មសម្ដេចតេជោ សែន សៀម រាប បានអនុវត្តភារកិច្ចរបស់ខ្លួន ដោយបានកំណត់នូវទិសស្លោកនិងការងារស្នូលរបស់ខ្លួន គឺការពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្តិភាពការងារជាចម្បង និងលើសពីអ្វីៗទាំងអស់។

បើទោះបីស្ថិត ក្នុងកាលៈទេសៈដ៏លំបាក នៃការបិទខ្ទប់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាការផ្ទុះរីករាល ដាល នៃជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពការងាររបស់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប បានអនុវត្តទៅតាមការរក្សាគម្លាតសុវត្តិភាពសង្គម កាត់បន្ថយចំនួនកងវិស្វកម្ម។

បើតាមការអះអាងពីលោក ឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ សែន សៀមរាប បានឱ្យដឹងថា គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅក្នុងខែឧសភា ឆ្នាំ២០២១នេះ ដើម្បីជាចំណងដៃជូន ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលធ្វើ ដំណើរទៅកម្សាន្តសប្បាយ ក្នុងខេត្តមាត់សមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ ទោ វង់ សំអាត មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប មានប្រសាសន៍យ៉ាងដូច្នេះថា កំណាត់ផ្លូវដ៏មានសារសំខាន់នេះ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់ ការដ្ឋានសាងសង់នៅបំណាច់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយមានការតាំងចិត្ត ខ្ពស់ គម្រោងនេះនឹងបញ្ចប់នៅក្នុងខែឧសភានេះ។

ជាមួយនិងសមិទ្ធផលដ៏មានគុណតម្លៃនេះ ពិសេសផ្លូវធំទូលាយ មានការស្លាកនិងគំនូសចរាចរណ៍ ផ្លូវបទក្រោយនៃរថយន្តកុងតឺន័រ រថយន្តគ្រប់ប្រភេទ ការដាក់ភ្លើងបំភ្លឺពេលយប់ងាយស្រួលក្នុងការធ្វើដំណើរ ប៉ុន្តែប្រជាពលរដ្ឋក្នុងខេត្តព្រះ សីហនុ ហាក់មិនទាន់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួននៅឡើយ ពិសេសការធ្វើដំណើរបញ្ច្រាស់គ្នា ដែលបង្កហានិភ័យខ្ពស់ ដល់គ្រោះថ្នាក់ចរាចរណ៍បំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពល រដ្ឋ។

ទាក់ទិនទៅនិងបញ្ហានេះ លោកឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងវិស្វកម្មសម្តេច តេជោ ហ៊ុន សែន សៀមរាប បានលើកឡើងថា ប្រជាពលរដ្ឋខេត្តព្រះសីហនុ ពិតជាមានមោទនភាព ចំពោះគម្រោងនៃការស្តារឡើងវិញ កំណាត់ផ្លូវ ជាតិលេខ៤ ប្រវែង៦៧០០ម៉ែត្រ ក៏ដូចជាមហាវិថី រុក្ខវិថី និងវិថីនានា ក្នុងខេត្តព្រះសីហនុ ដែលបាន ប្រសូត្រ និងបដិសន្ធិឡើង ក្នុងសម័យដ៏រុងតេជោ ហ៊ុន សែន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស និងប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមចារឹកនូវមហាសមិទ្ធផល និងមហាពលីកម្ម ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានចងដៃ ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាសម្បត្តិសាធារណៈរបស់រដ្ឋ ជាយូរអង្វែងតរៀងទៅ៕