(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានដាស់តឿនដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេលក្នុងបរិបទកូវីដ។

លោក ជា អឿង បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំជីវភាពប្រចាំខែ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ដល់ប្រជាលរដ្ឋនិងតាមដានពីសភាពការបញ្ហាជម្ងឺកូវីដ១៩ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

លោក ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ដើម្បីជួយដោះស្រាយនិងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។

លោកបន្ថែមថា ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ជាពិសេសអ្នកអនុវត្តផ្ទាល់នៅតាមភូមិឃុំសង្កាត់ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងឲ្យបានច្បាស់លាស់ក្នុងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះពិតប្រាកដដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជាប្រឈមយ៉ាងស្រួចស្រាលទៅនឹងវិបត្តិសុខភាព សាធារណៈដែលបណ្តាលមកពីការឆ្លងកូវីដ-១៩ក្តីប៉ុន្តែតាមរយៈនៃកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមុតស្រួច ដោយសាមគ្គីជាភាពគ្នាបានធ្វើឲ្យប្រទេសជាតិគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផងដែរ។

លោកបានជំរុញបង្កើនការយកចិត្តទុកដាក់ខ្ពស់និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំដើមី្បការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ពិសសេសស្រុកប្រាសាទបល្ល័ង្កយើងនេះ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំសម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «៣ការពារ និង៣កុំ» ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឱ្យបាននាពេលខាងមុខ៕