(កណ្ដាល)៖ ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ, ក្រុមកម្មករកម្មការិនី នៅស្រុកអង្គស្នួល បានជាសះស្បើយចំនួន១២៨នាក់ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ និងបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ។

ក្នុងដំណើរវិលត្រឡប់នេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមនឹងលោក នៃ ចារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងជូនដំណើរពួកគេចំនួន១២៨នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតនៅឃុំលំហាច ស្រុកអង្គស្នួលផងដែរ។

ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយត្រេកអរនេះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺរហូតបានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

លោកអភិបាលខេត្ត បានថ្លែងទៅកាន់សូមបងប្អូនកម្មករ-កម្មការិនីទាំងអស់ នៅពេលបានត្រលប់ទៅវិញ សូមបន្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងត្រូវត្រលប់មកវិញដើម្បីយកសំណាកធ្វើតេស្តម្តងទៀតក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃនេះ ហើយសូមធ្វើជាពលរដ្ឋគម្រូ ក្នុងការចូលរួមពន្យល់ផ្សព្វផ្សាយអំពីវិធានអនាម័យនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺ «៣ការពារ និង៣កុំ»៕