(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់ទៀត ជាអ្នកលក់ដូរឱសថនៅឱសថស្ថាន «អរុណរស្មី» ផ្សារអូឡាំពិក។ ពួកគេបានធ្វើដំណើរទៅកាន់ខេត្តក្រចេះ កាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺទាំងពីរនាក់នេះ មានឈ្មោះ ង៉ុយ ស្រីក្អួត ភេទស្រី អាយុ ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខេង សុខន ភេទស្រី អាយុ ១៨ឆ្នាំ។ ពួកគេទាំងពីរនាក់ មានលំនៅឋានក្នុងភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ មានទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ជាបុគ្គលិកលក់ឱសថស្ថានអរុណរស្មី ផ្សារអូឡាំពិក។

ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់នេះ បានប៉ះពាល់ជាមួយឈ្មោះ សោម ចន្ថា អ្នកលក់ឱសថស្ថានអរុណរស្មី ផ្សារអូឡាំពិករាជធានីភ្នំពេញ ដែលមានផ្ទុកជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺទាំងពីរនាក់ បានធ្វើដំណើរតាមរថយន្តឈ្នួលទៅកាន់ខេត្តក្រចេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ លុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អ្នកទាំងពីរ មានរោគសញ្ញាឈឺក ក្អក និងស្អកក ក្រុមគ្រូពេទ្យបាន យកសំណាកធ្វើតែស្តរហ័សរកមេរោគកូវីដ-១៩ ជាលទ្ធផលទាំងពីរខាងលើ គឺមានផ្ទុកជំងឺកូវីដ-១៩។

បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺទាំងពីរនាក់នេះ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ដោយឡែកអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមាន់ជំងឺកូវីដ-១៩ខាងលើនេះ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញាំផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញា ផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូល ដ្ឋានជាបន្ទាន់។

រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលខេត្តក្រចេះបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៧នាក់ហើយ៕