(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែឧសភា បានសម្រេចបិទទីតាំងសរុបចំនួន ១៦ទីតាំងក្នុងក្រុងសៀមរាប ក្រោយជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ម្នាក់ ដែលរកឃើញនៅខេត្តប៉ៃលិន។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែឧសភា រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force។ ជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការស្រាវជ្រាវរបស់រដ្ឋបាលខេត្តប៉ៃលិនបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង រួមមានអាជីវកម្មដ្ឋានជួសជុល និងលក់សំបកកង់រថយន្តមួយចំនួនក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុង អង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន១៦ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដូចមានក្នុងបញ្ជីខាងក្រោម។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ដូចមានក្នុងបញ្ជីជូនភ្ជាប់ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕