(ភ្នំពេញ)៖ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់ដង្កោ។

នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ព្រមទាំងសូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖ «៣ការពារ (ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩»

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ឃីត១ញ្ចប់មាន មី ទឹកត្រី ត្រីខ ទឹកសុទ្ធ ថវិកាចំនួន ៣០,០០០រៀល៕