(ពោធិ៍សាត់)៖ សមិទ្ធផលទំនប់ទឹកដំណាក់ឈើក្រំ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ របស់គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ បាននឹងកំពុងលេចចេញជារូបរាងឡើង ដើម្បីបម្រើផលប្រយោជន៍ លើការងារបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បច្ចុប្បន្នទំនប់នេះស្ថាបនាបានជាង៩០%ហើយ ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ ស្រោចស្រពផ្ទៃដី សរុប១៦,១០០ហិកតា លើ៥១ភូមិ ក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់។

សំណង់ទំនប់ទឹកដំណាក់ឈើក្រំ បានចាប់ផ្តើមសាងសង់ នៅខែ០សីហា ឆ្នាំ២០១៧ ហើយនឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដោយមានសំណង់មេស្ទាក់ទឹក ចំនួន១កន្លែង, ប្រឡាយមេ ប្រវែង៩០.៨៤៨គម និងសំណង់សិល្បៈការ សរុបចំនួន ៣៦២កន្លែង អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក លឹម គានហោ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ទំនប់ទឹកដំណាក់ឈើក្រំ ក៏អាចក្លាយជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ស្របនឹងទីតាំងអំណោយផលបែបធម្មជាតិដ៏ស្រស់ត្រកាល ដែលមានខ្សែទឹកធ្លាក់មកពីស្ទឹងប្រម៉ោយ ស្រុកវាលវែង។

បើទោះបីជាស្ថានភាពកូវីដ១៩ កំពុងតែតានតឹងយ៉ាងណាក្តី ក៏សមិទ្ទិផលទាំងអស់នេះ យើងនៅតែដំណើរការទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមមគ្គុទ្ទេសដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕