(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់របស់បងប្អូន នោះក្រុមការងារនឹងចែកជូនបងប្អូនភ្លាមៗ។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារសម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជននានាថែមទៀត។

ការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង ក្នុងឱកាសដែលលោកនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ រស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា កន្លងមកអាជ្ញាធររាជធានី ខណ្ឌ និងសង្កាត់ បានយកចិត្តទុកដាក់ណាស់ ក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះបងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ។

លោក ឃួង ស្រេង បានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុន មកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានមានការងារធ្វើ មានប្រាក់បៀរវត្សខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត។ បន្ថែមពីនេះទៀត ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩នេះ សម្ដេចតេជោបានស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀត។ មិនថាតែកូវីដ១៩ ទេ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ផងដែរ។

ពេលមានគ្រោះមហន្តរាយកើតឡើង គឺតែងតែមានសម្ដេចតេជោចេញមុខជួយមិនមែនធ្វើយូរទៅក្រទៅៗ ដូចក្រុមមួយនោះនិយាយទេ សូមបងប្អូនកុំជឿការឃោសនារបស់ក្រុមមួយនោះឱ្យសោះ ពួកគេគ្មានអ្វីជួយបងប្អូនទេ សូម្បីតែម៉ាសមួយ អង្ករមួយគីឡូក្រាម ចែកជូនបងប្អូនក៏គ្មានដែរ។

ក្នុងពិធីប្រគល់អំណោយនោះដែរ ប្រជាពលរដ្ឋបានឡើងម្រាមដៃដប់ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកយកអំណោយទាំងនេះ មកចែកជូនពួកគាត់នាពេលនេះ។ ដោយគាត់លើកឡើងថា៖ «យប់មិញខ្ញុំសុបិន្តថា បានទទួល អំណោយ។ គាត់រំភេីបកេងអត់លក់ ហេីយនៅពេលឃេីញលោកពូ អភិបាលរាជធានីចុះមកផ្ទាល់ គាត់មានអារម្មណ៍ ក្តុកក្តួលក្នុងចិត្ត សូមអរគុណហើយ លោកអ៊ុប្រធានភូមិ និងអភិបាលខណ្ឌទាំងអស់ដែលបានរៀបចំឱ្យពួកគាត់ទទួលបានអំណោយនាពេលនេះ»៕