(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែផ្តាំផ្ញើទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យធ្វើជាគម្រូកុំឱ្យមានការរើសអើសអ្នកស្រឡាញ់ភេទដូចគ្នា គឺឆ្លុះបញ្ចាំង មានទម្ងន់ និងមានខ្លឹមសារជាងច្បាប់ដែលបង្កើតឡើងគ្មានខ្លឹមសារសម្រាប់ការពារជូនក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ខណៈបណ្តាលប្រទេសមួយចំនួនបង្កើតច្បាប់មកហើយ បែរជាខ្លឹមសារនៃច្បាប់នោះមិនមានខ្លឹមសារច្បាស់លាស់សម្រាប់ការពារដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងធ្វើឱ្យពួកគាត់ទទួលរងការសើចចំអក និងដាក់សម្ពាធទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជា មិនទាន់មានច្បាប់អនុញ្ញាតឱ្យមានអ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ ប៉ុន្តែរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ព្រមទាំងបានលើកទឹកចិត្ត គ្រប់បែបយ៉ាង គ្រប់កាលៈទេសៈទាំងអស់ចំពោះពួកគាត់ជាដើម។ល។
ការបញ្ជាក់បែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងក្នុងឱកាសទិវាអន្តរជាតិ បញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងសប្តាហ៍មោទនភាព ក្រោមប្រធានបទ «ទីកក់ក្តៅ» ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។
មេសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាំនាំនូវក្តីនឹករលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលលោកធ្លាប់មានប្រសាសន៍ផ្តាំផ្ញើមកខ្ញុំតាំងពីឆ្នាំ១៩៩០ជាង រហូតមកបច្ចុប្បន្នដែលលោកបានផ្តាំផ្ញើការនឹករលឹក ដល់កូនក្មួយទាំងអស់ ក្នុងស្ថានភាពលំបាកនាវិបត្តិរាតត្បាតជំងឺកូវីដ១៩ ហើយក៏ជាការលើកទឹកចិត្តនៅក្នុងជំហ៊ាននៃការនាំមុខដែលលោកធ្លាប់មានប្រសាសន៍ ប្រាប់ខ្ញុំ ក៏ដូចជាសមាជិករាជរដ្ឋាភិបាល នៅក្នុងជួរថ្នាក់ដឹកនាំ អញ្ចឹងតាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកមានប្រសាសន៍ឱ្យធ្វើជាគម្រូកុំឱ្យមានការរើសអើង ទៅលើកូនក្មួយ បងប្អូនដែលជាអ្នកស្រឡាញ់ភេទដូចគ្នាឱ្យសោះ»។
ក្នុងឱកាសនោះលោក កែវ រ៉េមី បានបញ្ជាក់ប្រាប់ទៅក្រុមអ្នកស្រឡាញ់ ភេទដូចគ្នាថា កុំមានការព្រួយបារម្ភឱ្យសោះ ចំពោះការរើងអើងពីសំណាក់អ្នកដ៏ទៃ ក៏ព្រោះតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្ត និងយកចិត្តទុកដាក់គ្រប់បែបយ៉ាង គ្រប់កាលៈទេសៈទាំងអស់។
លោក កែវ រ៉េមី បានបន្ថែមយ៉ាងដូច្នេះថា៖ «ក្នុងន័យនេះអាចឆ្លុះបញ្ចាំងនូវអត្ថន័យមួយដ៏ធំធេង រវាងប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្វីត្បិតតែកម្ពុជា ពុំទាន់មានច្បាប់ក៏ប៉ុន្តែលោកមានប្រសាសន៍ ថាក្នុងជួរដឹកនាំរបស់រដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូល រហូតមកដល់សមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមឱ្យធ្វើជាគម្រូឱ្យមានការរើសអើងគ្រាន់តែប្រសាសន៍នៃការណែនាំនេះ គឺមានទម្ងន់ធ្ងន់ណាស់ បើគិតទៅវាខ្លាំងគ្រាន់បើជាង គ្រាន់តែធ្វើច្បាប់លំៗ...! ហើយប្រសាសន៍របស់សម្តេច គឺអាចឆ្លុះបញ្ចាំងថា វាមានទម្ងន់ជាងច្បាប់ដែលមិនមានខ្លឹមសារការការពារលើបងប្អូន ដែលស្រឡាញ់ភេទដូចគ្នា»។
ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើសារសួរសុខទុក្ខ និងគាំទ្រដល់បងប្អូន កូនក្មួយ ដែលស្រឡាញ់ភេទដូចគ្នា ឱ្យទទួលបាននូវភាពកក់ក្តៅមួយផងដែរ។
ទន្ទឹមនឹងនេះដែរ ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី សូមអំពាវនាវទីកក់ក្តៅដែលដែលក្មួយៗចង់បាន គឺទីកក់ក្តៅផ្តើមឡើងចេញពីក្នុងផ្ទះ សូមកុំឱ្យមានការប្រើអំពើហិង្សា គាប់សង្កត់ផ្លូវចិត្ត ផ្លូវកាយនៅក្នុងផ្ទះ កុំឱ្យឪពុក ម្តាយ បងប្អូន សុំកុំឱ្យមានការស្អប់ខ្ពើម កុំឱ្យមានការដាក់សម្ពាធទៅលើគ្នា ព្រមទាំងសហគមន៍ជុំវិញ សូមកុំឱ្យមានការរើសអើស ទីធ្លាសាធារណៈកុំឱ្យមានការរើសអើង និងតាមទីកន្លែងនានាជាដើម។
បន្ថែមពីនេះ លោក កែវ រ៉េមី បានអំពាវនាវដល់បណ្តាញសារព័ត៌មានទាំងអស់ សូមចូលរួមផ្សព្វផ្សាយ ជាពិសេសជៀសវាងការលេងសើច និងការប្រមាថលើអ្នកស្រឡាញ់ភេទដូចគ្នា ពីព្រោះអ្នកស្រឡាញ់ភេទដូចគ្នាពួកគេក៏ជាមនុស្សដូចគ្នា និងមិនមែនមានភាពមិនប្រក្រតីនោះទេ គឺអ្នកស្រឡាញ់ភេទដូចគ្នា មានអ្នកមានទេពកោសល្យឈ្លាសវៃ រៀនសូត្រពូកែ និងមានស្នាដៃចូលរួមកសាងសង្គមជាតិច្រើនផងដែរ៕